អន្តរជាតិ៖ ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Nation League ឆ្នាំ២០២១ បានបញ្ចប់រួចរាល់ហើយ ខណៈក្រុមម្ចាស់ជើងឯកបានទៅលើអតីតម្ចាស់ជើងឯក World Cup ២០១៨ មាន់គកបារាំង ក្រោយយកឈ្នះអេស្ប៉ាញ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតដ៏ស្វិតស្វាញនេះធ្វើឡើងនៅកីឡដ្ឋាន San Siro ទីក្រុង Milan ប្រទេសអ៊ីតាលី ក្រុមជម្រើសជាតិអេស្ប៉ាញដែលទម្លាក់ម្ចាស់ផ្ទះអ៊ីតាលីនៅកីឡដ្ឋាននេះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាននាំមុខលើបារាំងសាជាថ្មីដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លិប Real Soceidad, Mikel Oyarzabal នៅនាទីទី៦៤។ យ៉ាងណាក្តី បារាំងក៏បានតាមស្មើវិញភ្លាមៗនៅនាទីទី៦៦ ដោយគ្រាប់បាល់របស់កីឡាករ Karim Benzema មុនពេលដែល Mbappe បានបន្ថែមនូវគ្រាប់ជ័យជម្នះនៅនាទីទី៨០ ជួយបារាំងលើកពានតែម្តង។ ប៉ុន្តែការស៊ុតគ្រាប់ជ័យជម្នះរបស់ Mbappe ហាក់មាននូវមតិចម្រូងចម្រាស់ជាច្រើន ដែលបានបង្ហាញថាជំហររបស់កីឡាករ PSG រូបនេះស្ថិតលើជំហរអកហ្សឺ (Off-Side) ប៉ុន្តែមានការបកស្រាយផ្សេងដោយលោកអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេស Anthony Taylor។
គួរបញ្ជាក់ថា បារាំងគឺជាម្ចាស់ជើងឯកទី២ក្នុងប្រវត្តិសាស្រ្តពាននេះ បន្ទាប់ពីព័រទុយហ្គាល់ឈ្នះលើកដំបូងនៅក្នុងឆ្នាំ២០១៩។ ដោយឡែក ចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ២០២១នេះបានទៅលើម្ចាស់ជើងឯក EURO 2020 អ៊ីតាលី ក្រោយយកឈ្នះក្រុមភ្ញៀវប៊ែលហ្សិកដោយលទ្ធផល២-១ នៅកីឡដ្ឋាន Juventus ស្ថិតនៅទីក្រុងតួរីន៕