
នាយករដ្ឋមន្ត្រីកម្ពុជានឹងឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជាប្រសិន ឡើងវគ្គបន្ដបាល់ទាត់ជើងឯកទ្វីបអាស៊ី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងឧបត្ថមថវិកាសម្ដេចផ្ទាល់ចំនួន១០ម៉ឺនដុល្លារ ដល់ក្រុមគោព្រៃកម្ពុជា ប្រសិនជាក្រុមជម្រើសជាតិកម្ពុជាមួយនេះបានឡើងវគ្គបន្តនៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers។ នេះបើយោងតាមការប្រកាសក្នុងកម្មវិធីផ្សាយផ្ទាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីយប់មិញ។
កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលានេះក្រុមគោព្រៃកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិកោះហ្គាំក្នុងលទ្ធផល ១ ទល់នឹង០ នៅប្រទេសប៉ារ៉ែន ខណៈការប្រកួតជើងទី២នឹងធ្វើឡើងនៅទឹកដីប្រទេសបារ៉ែនដដែល នាយប់ថ្ងៃទី១២ ខែតុលាសប្ដាហ៍ក្រោយ។
ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ គឺជាការប្រកួតលើកទី១៨ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីដែលជាការប្រកួតបាល់ទាត់បុរសលំដាប់អន្តរជាតិប្រចាំទ្វីបអាស៊ីដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ១៦ ខែមិថុនាដល់ថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២៣៕
រូបថត: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា