៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

រោងពិព័ណ៌វប្បធម៌ខ្មែរនៅអារ៉ាប់រួមទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ

ភ្នំពេញ៖ រោងពិព័ណ៌វប្បធម៌ខ្មែរនៅទីក្រុងឌុយបៃនៃសហភាពអារ៉ាប់រួម ទទួលភ្ញៀវចូលទស្សនាជាច្រើន និងទទួលបានការកោតសរសើរពីសំណាក់ប្រជាជនអារ៉ាប់ និងភ្ញៀវអន្តរជាតិផងដែរ។

ក្រសួងពាណិជ្ជកម្មឲ្យដឹងថា កម្ពុជាបានចូលរួមក្នុងពិព័ណ៌ពិភពលោកឆ្នាំ២០២០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងឌុយបៃសហភាពអារ៉ាប់រួម និងបានរៀបចំតុបតែងពន្លាជាតិកម្ពុជាទំហំ ៣៨៤,៥ ម៉ែត្រការ៉េកម្ពស់ ២ជាន់ ក្នុងពិព័រណ៍ពិភពលោកនេះ។

តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា រោងពិព័ណ៌នេះបានរៀបចំរចនាឡើងតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗចំនួន ៤ គឺ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក(ឬសម័យឧត្តុង្គ) និងសម័យចតុមុខ(ភ្នំពេញបច្ចុប្បន្ន)។

ភ្ញៀវទស្សនា ត្រូវបានពន្យល់ឲ្យដឹងអំពីការកសាងទីក្រុងដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌កម្ពុជាដ៏រុងរឿងដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តក្នុងសម័យកាលនីមួយៗ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាមសម័យកាលនីមួយៗ ព្រមទាំងបង្ហាញអំពីការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជំរុញវិស័យវិនិយោគ និងទេសចរណ៍ផងដែរ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងបន្ថែមថា កន្លែងដែលទាក់ទាញភ្ញៀវទស្សនាឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺម៉ាកែតប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដែលភ្ញៀវទស្សនាបាននាំគ្នាថតរូប និងថតវីដេអូទុកជាអនុស្សាវរីយ៍គ្រប់ៗគ្នា។

គិតមកដល់ថ្ងៃនេះ រោងពិព័រណ៍វប្បធម៌របស់កម្ពុជានៅទីក្រុងឌុយបៃ បានបើកចំនួនពីរសប្តាហ៍ហើយនឹងទទួលបានអ្នកចូលទស្សនារាប់ពាន់នាក់។

ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម មានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ហើយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ១៩២។

តាមការគ្រោងទុកកម្ពុជានឹងរៀបចំប្រារព្ធទិវាជាតិកម្ពុជា (Cambodia National Day) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលក្នុងឱកាសនោះ នឹងមានរៀបចំការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណីខ្មែរ ការបង្ហាញម្ហូបអាហារខ្មែរ ពិធីដង្ហែរក្បូនព្យុហយាត្រាជាដើម ក្នុងគោលបំណងផ្សព្វផ្សាយនិងលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែល្បីរន្ទឺថែមទៀតនៅលើឆាកអន្តរជាតិ៕

រូបថត: អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក