ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញការពារជំងឺកូវីដ-១៩ ដល់ពលរដ្ឋដែលរស់នៅក្នុងរាជធានីចាប់ពីថ្ងៃទី១១ ខែតុលា។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងថាដើម្បីបង្កើនភាពស៊ាំទប់ទល់ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដោយមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងការពារជាតិ។ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ជូនដល់ពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន១១ ចាប់ពីថ្ងៃទី១១ ខែតុលាតទៅ។
ដោយឡែកចំពោះខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ នឹងចាប់ដំណើរការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៣០ ខែតុលា។
ឯកសារដែលត្រូវភ្ជាប់ជាមួយនៅពេលចាក់វ៉ាក់សាំងដូសជំរុញ ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងនិងអត្តសញ្ញាណប័ណ្ណឬឯកសារដែលអាចប្រើប្រាស់បានក្នុងការចាក់វ៉ាក់សាំងទីមួយ។
គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋបានជាង ១៣លាន៥សែននាក់ ក្នុងនោះពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ បានជិត១លាននាក់៕