អន្តរជាតិ៖ អង្គការសុខភាពពិភពលោក ឬ The World Health Organization (WHO) បានបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានផ្ញើជូននូវបរិក្ខារជំនួយពាក់ព័ន្ធនឹងការបង្ការ ព្យាបាលជំងឺកូវីដ-១៩ ជូនទៅរដ្ឋាភិបាលកូរ៉េខាងជើង តាមរយៈព្រំដែនសមុទ្រកំពង់ផែខេត្តដាលាន (Dalian) របស់ចិន បើទោះបីជាកូរ៉េខាងជើងមិនបានបង្ហាញសញ្ញាណណាមួយអំពីការបើកព្រំដែនទទួលជំនួយក៏ដោយចុះ។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានប្រកាសបិទព្រំដែនទាំងអស់របស់ខ្លួន ក្នុងគោលបំណងបង្ការ និងទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលកូវីដ-១៩ ក្នុងប្រទេស។
ភ្នាក់ងារនៃអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ដើម្បីគាំទ្រដល់ប្រទេសកូរ៉េខាងជើងលើផ្នែកវេជ្ជសាស្រ្ត បរិក្ខារជាកញ្ចប់នឹងត្រូវផ្តល់ឱ្យប្រទេសកូរ៉េខាងជើងដែលនឹងបញ្ជូនចេញពីកំពង់ផែនៃខេត្តដាលាន (Dalian) ដែលកៀកទៅនឹងព្រំដែនកូរ៉េខាងជើងជាងគេ។ យ៉ាងណាក្តី ពាក់ព័ន្ធនឹងជំនួយនេះអាចនឹងទៅដល់កូរ៉េខាងជើងឬអត់? ភ្នាក់ងារអង្គការសុខភាពពិភពលោកពុំបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននេះឡើយ។
កូរ៉េខាងជើងបានដាក់កំហិតយ៉ាងតឹងរ៉ឹងនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩បានចាប់ផ្តើមកាលពីឆ្នាំមុន ដោយបិទព្រំដែននិងអនុវត្តវិធានការផ្សេងទៀត នៅក្នុងហេតុផលដែលខ្លួនយល់ឃើញថាពាក់ព័ន្ធនៃការរស់រានមានជីវិតរបស់ប្រទេសជាតិទាំងមូល។ បន្ថែមពីលើនេះ WHO បានបង្ហាញទិន្នន័យពីស្ថានការណ៍នៃកូវីដ-១៩ ក្នុងប្រទេសនេះផងដែរ ដោយបានបញ្ជាក់ថាកូរ៉េខាងជើងបានធ្វើតេស្តលើមនុស្សប្រមាណ ៤០,៧០០នាក់ ដោយគ្មានអ្នកណាម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩ឡើយ។
ដោយឡែក មន្រ្តីនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហាក់បង្ហាញការសង្ស័យចំពោះព័ត៌មានដែលបញ្ជាក់ពីការអះអាងរបស់កូរ៉េខាងជើងគ្មានអ្នកណាម្នាក់ឆ្លងកូវីដ-១៩ សោះក្នុងប្រទេសនេះ។ យ៉ាងណាក្តី មកទល់បច្ចុប្បន្ននេះនៅមិនទាន់មានសញ្ញាណណាមួយស្តីពីការផ្ទុះឡើងធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងឡើយ៕