អាហ្វ្រិក៖ សហភាពអាហ្វ្រិក នឹងចាប់ផ្តើមកិច្ចពិភាក្សាមួយជាមួយអង្គការសុខភាពពិភពលោក (WHO) អំពីផែនការទទួលបានការអនុម័តស្តីពីការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ទៅលើពលរដ្ឋនៃទ្វីបអាហ្វ្រិកឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសុខាភិបាលនៃសហភាពអាហ្វ្រិកបានបញ្ជាក់ឱ្យដឹង ស្របពេលដែលស្ថាប័ននេះក៏បានស្នើសុំកញ្ចប់ថវិកាគាំទ្របន្ថែមលើតំរូវការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។
មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) សហភាពអាហ្វ្រិក លោក John Nkengasong បានបញ្ជាក់ថា ក្រោយពេលដែលអង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់នូវវ៉ាក់សាំងមួយប្រភេទដែលមានឈ្មោះថា RTS,S ឬ Mosquirix ដែលស្រាវជ្រាវ និងផលិតដោយក្រុមអ្នកវិទ្យាសាស្រ្តនៃចក្រភពអង់គ្លេស GlaxoSmithKline វ៉ាក់សាំងនេះគួរតែត្រូវបានផ្តល់ឱ្យកុមារទាំងអស់នៅទូទាំងទ្វីបអាហ្វ្រិក។ ក្រុមអ្នកជំនាញបាននិយាយថាអនុសាសន៍នេះគឺពិតជាមានសារៈសំខាន់ខ្លាំង និងជាវិធីសាស្រ្តដ៏ចាំបាច់មួយក្នុងការបង្ការជំងឺគ្រុនចាញ់ដែលបានសម្លាប់កុមារនៅទ្វីបអាហ្រ្វិកប្រមាណជា ២៥ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
លោក John Nkengasong បានថ្លែងក្នុងសន្និសីទតាមប្រព័ន្ធ Online មួយថា៖ "យើងនឹងចូលរួមជាមួយ GAVI (សម្ព័ន្ធវ៉ាក់សាំង) និង WHO នៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីស្វែងយល់ពីលទ្ធភាពផ្គត់ផ្គង់ដំបូងនៃវ៉ាក់សាំងនេះ"។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឱ្យបណ្តាប្រទេសជាម្ចាស់ជំនួយ WHO កុំព្រងើយកន្តើយចំពោះបញ្ហាវ៉ាក់សាំងជំងឺគ្រុនចាញ់នេះ ដោយផ្តោតតែលើខ្ទង់ចំណាយនៃបញ្ហាកូវីដ-១៩។
យ៉ាងណាក្តី CDC អាហ្វ្រិកមិនទាន់អាចធានាបាននៅឡើយទេ ចំពោះការចែកចាយវ៉ាក់សាំងទៅគ្រប់បណ្តាប្រទេសទាំងអស់នៃទ្វីបអាហ្វ្រិក ដោយផ្អែកលើថ្លៃចំណាយទិញវ៉ាក់សាំង ព្រមទាំងលទ្ធភាពនៃការផ្គត់ផ្គង់ពីរោងចក្រផលិតវ៉ាក់សាំង។ គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ Mosquirix ត្រូវបានចំណាយពេលជាង ៣០ឆ្នាំមកហើយក្នុងការសិក្សា និងអភិវឌ្ឍន៍។ ដោយឡែក ក្រុមហ៊ុន GSK ជាក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិផលិតវ៉ាក់សាំងនេះបានប្តេជ្ញាក្នុងការផលិតវ៉ាក់សាំងនេះឱ្យបានប្រមាណ ១៥លានដូសក្នុងមួយឆ្នាំ៕