សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិតែមួយសម្រាប់មេដឹកនាំកំពូលនឹងត្រូវទីស្ដីការគណៈរដ្ឋមន្ត្រីយកមកពិភាក្សានៅថ្ងៃស្អែក
ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីនឹងពិភាក្សាក្នុងកិច្ចប្រជុំនាថ្ងៃស្អែក លើសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៦មាត្រាសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចលើកយកសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី មាត្រា១១៩ថ្មី មាត្រា១៣៧ថ្មី និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមយកមកប្រជុំនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែក។
ក្នុងសេចក្ដីជូនដំណឹងនោះបានលើកឡើងថា៖ « យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាពត្រូវបានកែសម្រួល » ។
កាលពីព្រឹកថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំជាតិ ដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។
ការសម្រេចរបស់ សម្ដេចតេជោ បែបនេះគឺបន្ទាប់ពីទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលមានសញ្ជាតិពីរគឺសញ្ជាតិខ្មែរនិងបារាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតនិងញុះញ៉ង់ពលរដ្ឋថាសម្ដេចបានទិញសញ្ជាតិនិងលិខិតឆ្លងដែនប្រទេសCyprus។
សម្ដេចបានបញ្ជាក់ថា៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន»៕