ហ្វីលីពីន៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Leni Robredo បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៧ តុលានេះថា លោកស្រីនឹងចូលរួមប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២២ខាងមុខនេះ។
លោកស្រី Leni Robredo ជាមេធាវីការពារសិទ្ធិមនុស្ស និងជាអតីតភរិយានៃអតីតរដ្ឋមន្រ្កីមហាផ្ទៃហ្វីលីពីន ជាមេដឹកនាំក្រុមជំទាស់ដែលកន្លងមកធ្លាប់បានរិះគន់ខ្លាំងៗចំពោះប្រធានាធិបតីកាន់អំណាច Rodrigo Duterte ជុំវិញបញ្ហាសង្រ្គាម និងការបង្ហូរឈាមក្នុងប្រតិបត្តិការបង្ក្របគ្រឿងញៀនទូទាំងប្រទេសកន្លងមក។ ក្នុងសុន្ទរកថាថ្លែងតាមប្រព័ន្ធបណ្តាញសង្គមដែលមានថេរវេលាជាង ១៥នាទី លោកស្រី Robredo និយាយថា៖ "ខ្ញុំប្តេជ្ញាឱ្យអស់ពីលទ្ធភាពតស៊ូដើម្បីប្រទេសហ្វីលីពីន និងមិនមែនសម្រាប់តែការបោះឆ្នោតនាពេលខាងមុខឡើយ តែគឺរួមទាំងពេលវេលាទាំងប៉ុន្មានដែលនៅសេសសល់របស់ខ្ញុំក្នុងឋានៈជាអនុប្រធានាធិបតី"។
គួរឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតីនៅប្រទេសហ្វីលីពីន គឺត្រូវធ្វើឡើងដាច់ដោយឡែកពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយកន្លងមកលោកស្រី Robredo បានជជែកគ្នាជុំវិញរឿងរ៉ាវជាច្រើនជាមួយលោក Durterte ផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីនាពេលបច្ចុប្បន្ន លោក Rodrigo Duterte ពុំអាចឈរឈ្មោះជាប្រធានាធិបតីទៀតឡើយ ដោយពាក់ព័ន្ធនឹងការកំណត់អាណ្ណត្តិប្រធានាធិបតី។ កន្លងមក លោក Duterte ធ្លាប់បានប្រកាសថា លោកមានបំណងចង់ឈរឈ្មោះជាអនុប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំក្រោយ ប៉ុន្តែក្រោយមកលោកបានប្រកាសថាលោកនឹងលាលែងពីអាជីពជាអ្នកនយោបាយតែម្តង។
ដោយឡែក ប្រសិនបើលោកស្រី Leni Robredo ទទួលបានជោគជ័យក្នុងការបោះឆ្នោត លោកស្រីពុំមែនជាស្ត្រីទីមួយដែលកាន់តំណែងកំពូលក្នុងរដ្ឋាភិបាលហ្វីលីពីនឡើយ ត្បិតកន្លងមកហ្វីលីពីនធ្លាប់មានមេដឹកនាំស្រ្តីចំនួន ២រូបផងដែររួមមាន លោកស្រី Corazon Aquinoឈ្នះឆ្នោតនៅឆ្នាំ១៩៨៦ និងលោកស្រី Gloria Macapagal-Arroyo ជាប់ឆ្នោតនៅឆ្នាំ២០០១។ ក្រោមអាណ្ណត្តិរបស់លោក Duterte លោកស្រី Rebredo កាន់់តំណែងជារដ្ឋមន្រ្តីទទួលបន្ទុកគ្រប់គ្រងសំណង់លំនៅដ្ឋាន ប៉ុន្តែក្រោយមកបានចាកចេញពីតំណែង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានសម្រេចដកលោកស្រីចេញ៕