គណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោក្នុងការកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយ
បន្ទាយមានជ័យ៖ គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋក្នុងខេត្ត ប្រកាសគាំទ្រចំពោះការផ្តួចផ្តើម របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដាក់ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់តំណែងកំពូលរបស់ជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ។
ក្នុងញាតិគាំទ្រចុះថ្ងៃទី៦ ខែកញ្ញាគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានកោតសរសើរដោយស្មោះ និងគាំទ្រយ៉ាងពេញទំហឹងចំពោះឆន្ទៈមុតមាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមឲ្យមានការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់តំណែងកំពូលៗរបស់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ ការសម្រេចចិត្តដ៏មោះមុតនេះ រួមនឹងសកម្មភាព និងពលីកម្មដ៏ធំធេងរបស់សម្តេចតេជោកន្លងមក គឺបានបញ្ជាក់ឲ្យឃើញច្បាស់ថា សម្ដេចតេជោបានឈរនៅខាងប្រជាជនខ្មែរ ទទួលខុសត្រូវ និងការពារផលប្រយោជន៍ជាតិ ខ្មែរនៅគ្រប់កាលៈទេសៈ ។
ក្នុងញាត្តិគាំទ្រនោះបានលើកឡើងថា៖ « ក្នុងនាមជាអ្នកតំណាងប្រជាជាតិខ្មែរ ជាអ្នកការពារ និងទទួលខុសត្រូវចំពោះ ផលប្រយោជន៍ជាតិខ្មែរពិតប្រាកដ គឺមិនត្រូវលាយឡំ និងទទួលខុសត្រូវចំពោះជាតិដទៃក្នុងពេលតែមួយឡើយ ។ ម្យ៉ាងវិញទៀត ប្រវត្តិសាស្ត្របានបង្រៀនយើងខ្ញុំឲ្យមើលឃើញថា មានតែជនជាតិខ្មែរទេ ដែលឈរ ខាងប្រជាជនខ្មែរ រួមសុខរួមទុក្ខជាមួយគ្នា ជារៀងដរាប »។
កាលពីព្រឹកថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំប្រទេសត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស។
សម្ដេចបានលើកឡើងថា៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន» ៕