
គណបក្សប្រជាជនអំពាវនាវដល់ជនរួមជាតិរួមសាមគ្គីជាធ្លុងមួយដើម្បីការពារឯករាជ្យអធិបតេយ្យសន្តិភាពរបស់កម្ពុជា
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងមូលរួមគ្នាជាធ្លុងមួយដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃនេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបដិសេធនូវព័ត៌មានដែលថា សម្ដេចតេជោ បានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេស Cyprus និងគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងដល់ការកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ កាន់តំណែងជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងជនរួមជាតិទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជន ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង្គអាច សម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់បំផុតជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។
ការចេញលិខិតនេះគឺឆ្លើយតបទៅនឹងព័ត៌មាន ជាភាសាអង់គ្លេសឈ្មោះ the Guardian បានចុះផ្សាយព័ត៌មានមិនពិតថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនcyprus» ហើយព័ត៌មាននេះត្រូវបានបន្ទរដោយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ក្នុងចេតនាញុះញង់បង្កអសន្តិសុខដល់ប្រទេសកម្ពុជា។
ការចុះផ្សាយនេះត្រូវបានមេធាវីរាជរដ្ឋាភិបាល ចេញមុខច្រានចោលនិងបានសិក្សាផ្លូវច្បាប់ក្នុងការដាក់ពាក្យប្ដឹងប្រឆាំងសារព័ត៌មាន the guardian ផងដែរ៕