រដ្ឋមន្ត្រីការបរទេសកម្ពុជាចែករំលែកបទពិសោធន៍ក្នុងដំណើរស្វែងរកសន្តិភាពនិងការផ្សះផ្សារជាតិរបស់កម្ពុជាដល់អាស៊ាននិងមីយ៉ាន់ម៉ា
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកឡើងពីបញ្ហាប្រឈមនៃសន្តិសុខរបស់សហគមន៍អាស៊ានក៏ដូចជាចែករំលែកបទពិសោធន៍ស្វែងរកការផ្សះផ្សារជាតិរបស់កម្ពុជាដល់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០ នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២១ លោកប្រាក់ សុខុន បានសម្តែងនូវការព្រួយបារម្ភ អំពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងមហាអំណាចដែល អាចបង្កអន្តរាយដល់ស្ថិរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់។
លោកបានបញ្ជាក់ពី សារៈ សំខាន់នៃការប្រកាន់ខ្ជាប់ចំពោះគោលបំណង និងគោលការណ៍ ដែលបានកំណត់ក្នុង ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាឯកសារគតិយុត្តសម្រាប់បញ្ជៀសនូវការតានតឹងនៅក្នុងតំបន់។
ចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ាវិញលោក ប្រាក់ សុខុន បានជំរុញឲ្យបង្កើនល្បឿននៃការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ាននិងភាពចាំបាច់នៃការចូលរួមរបស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ាផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៥ ខែតុលា ក្រសួងការបរទេសលើកឡើងថា៖ «ការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ាន ប្រកបដោយភាពរលូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីសម្រេច បានវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន មិនមែនត្រឹមតែជាការផ្តល់ជំនួយសង្គ្រោះនោះទេ» ។
ស្របគ្នាជាមួយនឹងការអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចនេះលោក ប្រាក់ សុខុន ក៏បានចែករំលែកបទពិសោធន៍ស្តីពីដំណើរការដ៏វែងឆ្ងាយនៃការស្វែងរកសន្តិភាពនិងផ្សះផ្សារជាតិនៅកម្ពុជាផងដែរ។
បន្ទាប់ពីការដួលរលំទៅនៃរបបខ្មែរក្រហមឆ្នា១៩៧៩ សង្គ្រាមស៊ីវិលនៅកម្ពុជាបានបន្តរហូតដល់ឆ្នាំ១៩៩៨ ទើបបញ្ចប់តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពនិងការផ្សះផ្សារជាតិពេញលេញសម្រាប់កម្ពុជា។
នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានចំនួន១១ចំណុចដើម្បីធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព៕