ក្រសួងយុត្តិធម៌គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោក្នុងការកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយ
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានគាំទ្រនូវគំនិតរួចដើមរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឲ្យថ្នាក់ដឹកនាំកំពូលកំពូលមានសញ្ជាតិខ្មែរតែមួយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១នេះ ក្រសួងយុត្តិធម៌បានលើកឡើងថាការការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងៗទៀតកំណត់ឲ្យ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន «សញ្ជាតិខ្មែរតែមួយ»នោះ គឺជាការធានាទាំងផ្លូវច្បាប់ ទាំងនយោបាយ ដល់អ្នកទាំងបួននោះឲ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិមាតុភូមិធ្វើការដឹកនាំប្រទេសដោយតម្កល់ផលប្រយោជន៍ជាតិជាធំនិងប្រឆាំងការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីបរទេសបាន។
កាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំប្រទេសត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស។
សម្ដេចបានលើកឡើងថា៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន» ៕