អេស្ប៉ាញ៖ Miralem Pjanic ជាថ្មីម្តងទៀត បានលើកឡើងពាក់ព័ន្ធនឹងការយល់ឃើញលើស្ថានភាពរបស់ក្លិប Barcelona នាពេលបច្ចុប្បន្ន ដោយកីឡាករសញ្ជាតិបូស្នៀរូបនេះបានលើកឡើងថា ស្ថានការណ៍នេះ! ក្លិបគួរតែរកបានអ្នកដឹកនាំល្អម្នាក់។
គួររំឮកថា Pjanic ត្រូវបានលោក Koeman ដាក់ឱ្យស្ថិតក្នុងកៅអីបំរុងកាលពីរដូវកាលមុន នឹងត្រូវផ្ទេរទៅកាន់ក្លិបតួកគី Besiktas ក្នុងលក្ខខណ្ឌខ្ចីនៅរដូវកាលនេះ ខណៈអតីតកីឡាករ Juventus រូបនេះមិនពេញចិត្តឡើយចំពោះទង្វីរបស់គ្រូបង្វឹកជនជាតិហូឡង់រូបនេះ។
Barcelona កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ! លទ្ធផលរបស់ក្លិបពុំមែនជាអ្វីដែលអ្នកគាំទ្រចង់បានឡើយ ដែលនេះហេតុផលមួយក្នុងការដាក់សម្ពាធដល់កីឡាករ។ ប្រហែលជាអ្នកចាត់ការល្អមួយរូបជាតំរូវការសំរាប់ក្លិបទាំងមូល ដែលអាចនាំឱ្យក្លិបវិលរកស្ថានការដូចមុនវិញ ប៉ុន្តែយ៉ាងណាមិញវាក៏ត្រូវការពេលវេលាមួយចំនួនដែរ។ នេះជាសំដីរបស់ Pjanic ប្រាប់ទៅកាន់សារព័ត៌មាន BeINSport។
កន្លងមក Pjanic ក៏ធ្លាប់បានវាយប្រហារចំៗទៅលើលោក Koeman ផងដែរ ថាគ្រូបង្វឹករូបនេះមិនបានបង្ហាញការគោរពចំពោះកីឡាករឡើយ ក្នុងពេលដែលគេ និងកីឡាករផ្សេងៗត្រូវបានដាក់ឱ្យចាកចេញពីក្លិប និងឱ្យក្លិបផ្សេងៗខ្ចីជើងជាបន្តបន្ទាប់។ តបទៅកាន់ Pjanic វិញ លោក Koeman បានឱ្យហេតុផលដែលលោកមិនត្រូវការកីឡាកររូបនេះថា គេមិនទាន់ល្អសាកសម ជាពិសេសនារដូវកាល ២០២០/២១ កន្លងទៅ។
Barcelona នឹងត្រឡប់មកជួបជាមួយ Valancia នាថ្ងៃទី ខែតុលាខាងមុខនេះ ក្រោយបញ្ចប់ភារកិច្ចអន្តរជាតិ (FIFA Day) ដោយលោក Koeman ត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីរក្សាស្ថេរភាពក្នុងតំណែង។ គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្សិក លោក Roberto Martinez, អតីតគ្រូបង្វឹក Chelsea និង Inter Milan, Antonio Conte ព្រមទាំងលោក Xavi Hernandez នឹងក្លាយជាបេក្ខភាពបន្តសម្រាប់តំណែងជាអ្នកចាត់ការក្លិបអេស្ប៉ាញយក្សមួយនេះ៕