នូវែលហ្សេឡង់៖ រដ្ឋាភិបាលនូវែលហ្សេឡង់ នឹងចាប់ផ្តើមអនុវត្តវិធានការប្រើប្រាស់វិញ្ញាប័នបត្រ ឬកាតសំរាប់បញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូវីដប្រភេទដែលតា (Delta) ថ្មីក្នុងសហគមន៍។
នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានបញ្ជាក់ថា ក្នុងពេលអនាគតខាងមុខដ៏ខ្លីនេះ កាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងក្លាយជាតំរូវការចាំបាច់នាពេលខាងមុខសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នានាដែលមានមនុស្សច្រើន ក៏ដូចជាទីតាំងដែលប្រឈមនឹងហានិភ័យនៃការឆ្លងកូវីដ-១៩ ដែលជាផ្នែកមួយនៃការធានាបានថាវីរុសកូវីដ-១៩ នឹងមិនរាលដាលខ្លាំងនៅក្នុងប្រទេសនេះ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រីបានបង្ហាញពីអត្ថប្រយោជន៍នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបានលើកទឹកចិត្ត និងជំរុញឱ្យប្រជាជនទាំងអស់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ គួរបញ្ជាក់ថា នូវែលហ្សេឡង់គឺជាប្រទេសមួយដែលត្រូវបានគេកត់សម្គាល់ថាជាប្រទេសដែលទប់ស្កាត់ និងគ្រប់គ្រងវីរុសកូវីដបានល្អជាងគេមួយ ឬអាចហៅថាជាប្រទេសដែលរស់នៅក្នុងគន្លង COVID-FREE រហូតមកដល់ការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍កាលពីពាក់កណ្តាលខែសីហាកន្លងទៅ។
មកដល់ពេលនេះ ទីក្រុងធំបំផុតនៃរដ្ឋធានី Auckland ដែលត្រូវបានដាក់ក្រោមវិធានការបិទខ្ទប់ប្រមាណជា ៥០ថ្ងៃកន្លងមក និងបន្តស្ថិតនៅក្នុងការប្រកាសអាសន្នកម្រិតខ្ពស់បន្តទៀត ប៉ុន្តែយ៉ាងណាមិញលក្ខខណ្ឌរឹតត្បិតមួយចំនួននឹងត្រូវលុបចោលចាប់ពីថ្ងៃពុធតទៅ។ ដោយឡែក ពាក់ព័ន្ធនឹងអត្រានៃអ្នកចាក់វ៉ាក់សាំងកូវីដ-១៩វិញ ប្រជាជនពេញវ័យប្រមាណ ៤៨ភាគរយបានចាក់វ៉ាក់សាំងរួចរាល់ ក្នុងចំណោមប្រជាជនសរុបជាង ៥លាននាក់៕