ភ្នំពេញ៖ បុត្រីសម្ដេចក្រុមព្រះ អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានចេញលិខិតមួយឆ្លើយតបទៅនឹងអតីតអនុប្រធានបក្សហ្វ៊ុនស៊ិនប៉ិចដែលបានចេញលខិតបដិសេធលិខិតរបស់គណបក្ស។
កាលពីថ្ងៃទី២៧ ខែកញ្ញា អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចលោក ចាប ញ៉ាលីវុធ បានចេញលិខិតមួយច្រានចោលលិខិតរបស់គណបក្សដែលបានបញ្ឈប់សមាជិកថ្នាក់ដឹកនាំបក្ស៣នាក់ ដោយបដិសេធត្រារបស់គណបក្ស និងស្នើដល់សមាជិកសមាជិកបក្សជឿតាមខ្លួនផងដែរ។ ក្រៅពីនោះក៏មានព័ត៌មានចេញនៅថ្ងៃទី២៨ កញ្ញា បានវាយប្រហារដល់បុត្រាបុត្រីរបស់សម្ដេចក្រុមព្រះថាមិនបានយកចិត្តទុកដាក់នឹងសម្ដេចក្រុមព្រះ ដោយយកព្រះអង្គទៅដាក់មណ្ឌលចាស់ជរាថែមទៀត។
ក្នុងលិខិតផ្ញើជូនលោក ចាប ញ៉ាលីវុធ កាលពីថ្ងៃទី១ ខែតុលា ដែលEAC Newsទើបទទួលបាននៅថ្ងៃនេះបុត្រីសម្ដេចក្រុមព្រះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានចេញលិខិតមួយដោយសំដែងនូវការហួសព្រះទ័យនឹងព័ត៌មានទាំងនេះ ដោយបានចាត់ទុកជាការតិទៀនយ៉ាងធ្ងន់ធ្ងរចំពោះក្រុមគ្រួសារព្រះអង្គ ជាងនេះទៅទៀតព្រះអង្គក៏បានស្នើដល់លោក ចាប ញ៉ាលីវុធ ឱ្យបញ្ឈប់ការបង្ខូចកិត្តិយសព្រះមាតាព្រះអង្គរឿងត្រាគណបក្សថែមទៀតផងដែរ។
ព្រះអង្គម្ចាស់ក្សត្រីបានសរសេរថា៖ « ខ្ញុំសង្ឃឹមថាពូត្រូវបានបង្ខំដោយវិញ្ញាណអាក្រក់ដើម្បីសរសេរភាពថោកទាបអាប់ឱនដែលគួរឱ្យខ្មាស់អៀនព្រោះនេះហាក់ដូចជាមិនមែនពូទេ។ […] ពូញ៉ាល់សំបុត្រនេះមិនមែននាំមកនូវការនិន្ទាឈ្នានីសចំពោះពូទេ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែចង់បញ្ជាក់ឱ្យបានច្បាស់នូវជំហររបស់ពួកយើងថ្វាយប៉ាប៉ា។ ខ្ញុំជឿជាក់ថាការវាយប្រហាររបស់ពូ គឺជាការភាន់ច្រឡំនិងការវង្វេងភ្លេចខ្លួនមួយរយៈពេលខ្លីរបស់ពូ » ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បានប្រាប់ EAC News ថាការចេញលិខិតនេះគឺដើម្បីបញ្ជាក់ទៅលោក ចាប ញ៉ាលីវុធ កុំឱ្យភាន់ច្រលំលើក្រុមគ្រួសារសម្ដេចក្រុមព្រះបន្តទៀត ខណៈលោក ញ៉ាលីវុធ នៅពេលនេះគ្មានតួនាទីអ្វីក្នុងបក្សនោះទេ។
លោកបញ្ជាក់ថា៖ « ពូញ៉ាល់ហ្នឹងគឺគាត់មានអំពាវនាវមួយទៅថ្នាក់ក្រោម និងបានធ្វើការចោទប្រកាន់ក្រុមគ្រួសារញាតិវង្សរបស់សម្ដេចក្រុមព្រះនោះថាទុកសម្ដេចក្រុមព្រះនៅមណ្ឌលចាស់ជរាហើយទុកដោយធ្វេសប្រហែលសព្វបែបយ៉ាងបានធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ក្រុមគ្រួសារព្រះអង្គទើបព្រះអង្គម្ចាស់ក្សត្រីនរោត្តម រតនាទេវី លោកស្រាយបំភ្លឺនិងដាក់ជូនទៅឯកឧត្តមពូញ៉ាល់ហ្នឹងឱ្យបានជ្រាប » ។
EAC News មិនអាចទាក់ទងលោកចាប ញ៉ាលីវុធ បាននៅឡើយទេ តែអតីតសមាជិកជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចលោក ផាន់ សិទ្ធី ដែលជាមនុស្សស្និទជាមួយលោកចាប ញ៉ាលីវុធ បានប្រាប់EAC News ថារឿងរ៉ាវខ្វែងគំនិតគ្នារវាងក្រុមគ្រួសារសម្ដេចក្រុមព្រះ និងលោកចាប ញ៉ាលីវុធ អាចកើតឡើងដោយការយល់ច្រលំប៉ុណ្ណោះ ព្រោះថាលោក ចាប ញ៉ាលីវុធ មិនដែលហ៊ានវាយប្រហារអីធ្ងន់ធ្ងរដល់ក្រុមគ្រួសារសម្ដេចក្រុមព្រះនោះទេ។
លោកបានប្រាប់ថា៖ « ខ្ញុំយល់ថាព្រះអង្គម្ចាស់ក្សត្រីគាត់យល់ច្រលំ ព្រោះថាឯកឧត្តមចាប ញ៉ាលីវុធ គាត់ទៅបារាំងរយៈពេល៤០ថ្ងៃទៅរកសម្ដេចក្រុមព្រះ ចូលគាល់លោកដើម្បីដឹងពីសុខទុក្ខលោកហើយទៅហ្នឹងគេអត់ឱ្យចូលគាល់ទេ ដោយព្រះអង្គម្ចាស់ចក្រាវុធអត់ឱ្យចូលគាត់ ហើយក៏អត់ដឹងថាព្រះអង្គ(សម្ដេចក្រុមព្រះ)នៅឯណាដែរ។ តែពាក្យចចាមអារ៉ាមឭថាព្រះអង្គនៅមណ្ឌលចាស់ជរាតែប៉ុហ្នឹង! ខ្ញុំអានក៏យល់តែប៉ុហ្នឹង តែដល់ម្ចាស់ក្សត្រីលោកអានបែរជាលោកយល់ផ្សេងថាក្រុមគ្រួសារលោកអត់យកចិត្តទុកដាក់ខ្ញុំដូចជាឆ្ងល់ដែរ » ។
ជម្លោះផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចកើតចេញរឿងដណ្ដើមត្រាគណបក្សត្រូវបានលេចធ្លាយកាលពីថ្ងៃទី២២ ខែកញ្ញា នៅពេលដែលមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចដែលដឹកនាំដោយលោក ផាន់ សិទ្ធី ធ្វើសន្នីសិទកាសែតចោទប្រកាន់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ប្រើប្រាស់ត្រាគណបក្សធ្វើការសម្រេច និងតែងតាំងមនុស្សដោយមិនមានការពិភាក្សាជាមួយអនុប្រធានគណបក្សទាំង៤នាក់ និងគ្មានការយល់ព្រមពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
ទោះជាយ៉ាងណាគណបក្សបានច្រានចោលការចោទប្រកាន់និងបានសម្រេចបណ្ដេញអ្នកដែលទាមទារត្រាចេញពីបក្សផងដែរ ខណៈលោក ចាប ញ៉ាលីវុធ ដែលអះអាងថាជាអនុប្រធានគណបក្សបានចេញមុខការពារអ្នកដែលបានបណ្ដេញចេញនិងមិនទទួលស្គាល់ការសម្រេចនេះ៕