
TOP NEWS : រាជរដ្ឋាភិបាលណែនាំឱ្យចេញវិធានការរឹតត្បិត ឬហាមឃាត់សម្រាប់ការជួបជុំ និងសកម្មភាពការងារ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាលបានណែនាំគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ឬដាក់ចេញវិធានការរឹតត្បិត ឬហាមឃាត់សម្រាប់ការជួបជុំ និងសកម្មភាពការងារ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចជា អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាលឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា និងសកម្មភាពការងារ ឬអាជីវកម្មផ្សេងទៀតដោយរួមទាំងការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
នេះតាមវិធានការទី៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចែងក្នុងសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំគណៈអភិបាលរាជធានី ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែត្រូវយកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើ ដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ , ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋសេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រផ្សេងទៀត, ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅដោយប្រគល់សមត្ថកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាលក្នុងការដាក់ចេញវិធានការសមស្របនិងចាំបាច់នានា ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕