ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់អាជ្ញាធរ វិស័យឯកជន ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពិធីបុណ្យភ្ជុំខាងមុខដើម្បីបញ្ចៀសនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសារាចរណែនាំនៅថ្ងៃនេះ សម្ដេចតេជោ បានណែនាំដល់អាជ្ញាធរខេត្ត រាជធានី វិស័យឯកជន ក៏ដូចជាពលរដ្ឋឱ្យបង្កើនការអនុវត្តនូវវិធានការសុខភាព ៣កុំ ៣ការពារ ព្រមទាំងវិធានការសុខាភិបាលជាចាំបាច់ផ្សេងទៀតសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅពេលដែលពលរដ្ឋចេញធ្វើដំណើរកម្សាន្តក្នុងអំឡុងពិធីបុណ្យភ្ជុំខាងមុខ។
សម្ដេចក៏បានបញ្ជាឲ្យអាជ្ញាធរខេត្ត រាជធានី បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់នឹងដាក់ចេញនូវវិធានការចាំបាច់បន្ថែមតាមការវិវត្តន៍ជាក់ស្ដែងនៃស្ថានភាពកូវីដ-១៩ ក្នុងដែលរដ្ឋបាលរបស់ខ្លួន។
ក្រោយពីបញ្ចប់ពិធីបុណ្យភ្ជុំ សម្ដេចលើកទឹកចិត្តដល់ ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាសនានាឲ្យធ្វើតេស្តរហ័សដល់បុគ្គលិករបស់ខ្លួនដើម្បីធានានូវសុវត្ថិភាពក៏ដូចជាទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងកន្លែងធ្វើការ។
ដោយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ ខែកញ្ញា រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២១ តែរក្សាថ្ងៃឈប់សម្រាក ៣ថ្ងៃនៃពិធីនេះដដែលដើម្បីឱ្យប្រជាពលរដ្ឋមានពេលសម្រាកពីការងារ បានដើរកំសាន្តខ្លះ តែជាមួយគ្នានោះក៏ស្នើឱ្យពលរដ្ឋចូលរួមគោរពឱ្យបាននូវវិធានការសុខាភិបាលទាំងអស់គ្នាផងដែរ។
ថ្ងៃសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះត្រូវធ្វើឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១៕