កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

អង្គការមួយស្នើដល់រដ្ឋាភិបាលឲ្យផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ដល់មនុស្សវ័យចំណាស់ ដើម្បីជួយដល់ជីវភាព

ភ្នំពេញ៖ អង្គការមនុស្សចាស់កម្ពុជា បានធ្វើយុទ្ធនាការមួយតាមប្រព័ន្ធអនឡាញនៅថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទិវាមនុស្សចាស់ និងបង្កើនការយកចិត្តទុកដាក់ទៅលើមនុស្សវ័យចាស់ ជាពិសេសក្នុងអំឡុងផលប៉ះពាល់ នៃការរាតត្បាតជំងឺសកលកូវីដ-១៩ ។

យុទ្ធនាការនេះបានអំពាវនាវទៅដល់រដ្ឋាភិបាល ក្នុងការពិចារណាបន្តជួយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជួយដល់មនុស្សវ័យចាស់ទូទៅ ដែលកំពុងរងផលប៉ះពាល់ទាំងក្នុងអំឡុងពេល និងក្រោយពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់ពួកគាត់ ក្នុងការរស់នៅជាមួយបរិបទថ្មី ក្នុងស្ថានភាពដ៏លំបាកនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះអង្គការមនុស្សចាស់កម្ពុជាបានលើកឡើងថា៖ «យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយស្តីពី “ប្រាក់ចំណូលរបស់មនុស្សចាស់ និងកិច្ចគាំពារសង្គមនៅកម្ពុជា ក្នុងកំឡុងពេល និងក្រោយពេល ជំងឺកូវីដ-១៩” នៅដើមឆ្នាំ២០២១ នេះ បានបង្ហាញថា ៥៥% នៃមនុស្សចាស់ដែលចូលរួមក្នុងការសិក្សាបានរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល និងពុំទាន់បំពេញទៅនឹងតម្រូវការមូលដ្ឋានក្នុងរស់នៅរបស់ពួកគាត់នៅឡើយ បើទោះបីជា ៤៥% ក្នុងចំណោមពួកគាត់កំពុងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលក៏ដោយ»។

អង្គការនេះក៏បានលើកឡើងផងដែរថា មនុស្សចាស់ភាគច្រើនបានធ្លាក់ចូលក្នុងស្ថានភាពក្រលំបាកនៅពេលឈានចូលវ័យចាស់ ដោយសារតែការបែងចែកទ្រព្យធន កេរ្ត៍អាកររបស់ពួកគាត់ទៅឱ្យកូនចៅអស់។ ជាពិសេសមនុស្សចាស់ដែលជាស្រ្តី មិនសូវមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលទេ។ ភាគច្រើនពួកគាត់ពឹងផ្អែកទៅលើសមាជិកគ្រួសារស្ទើតែពីរដងបើប្រៀបធៀបនឹងបុរស ដោយសារពួកគាត់ភាគច្រើន ធ្វើការងារដែលមិនមានកម្រៃ/ប្រាក់ចំណូល ដូចជាការងារផ្ទះ មើលថែទាំចៅជាដើម។

នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ រ៉ាវី មានប្រសាសន៍បន្ថែមប្រាប់ EAC News ថា ការស្នើនេះធ្វើឡើងតាមសំណូមពររបស់តំណាងមនុស្សចាស់ទូទាំងប្រទេសប្រមាណ ១៥០នាក់ ដើម្បីឲ្យរដ្ឋាភិបាលពិចារណាក្នុងការទម្លាក់កញ្ចប់ថវិកាប្រចាំខែណាមួយជូនដល់ពលរដ្ឋទូទៅនៅពេលដែលពួកគេឈានដល់វ័យចំណាស់។

លោកមានប្រសាសន៍ថា៖ «កម្មវត្ថុដែលយើងលើកមកនេះឬក៏មនុស្សចាស់ដែលបានលើកមកនេះមិនមែនផ្ដល់តែលើគ្រួសារក្រីក្រមួយមុខទេ។ ប៉ុន្តែយើងចង់ឲ្យរដ្ឋាភិបាលបន្តនិងកំណត់ដល់ក្រុមមនុស្សចាស់ទាំងអស់ដែលគាត់គួរតែទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋ»។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី មានប្រសាសន៍ប្រាប់ EAC News ថារដ្ឋាភិបាលកំពុងតែមានវិធានការជួយទៅដល់គ្រួសារងាយរងគ្រោះពីជំងឺកូវីដ-១៩ ដែលក្នុងនោះក៏រាប់ទាំងមនុស្សចាស់ក្រីក្រផងដែរ។

លោកបន្ថែមថានៅពេលនេះក្រសួងពាក់ព័ន្ធកំពុងតែពិភាក្សាទៅលើគោលនយោបាយដើម្បីជួយដល់មនុស្សចាស់ដែលងាយរងគ្រោះ គ្មានទីពឹង និងក្រីក្រ ដែលលោកថានេះអាចនឹងចេញនៅឆ្នាំ២០២២ ខាងមុខ។ ទោះជាយ៉ាងណាលោកថាការផ្ដល់សាច់ប្រាក់ដល់មនុស្សចាស់ទូទៅគឺកំពុងតែសិក្សានៅឡើយ។

លោកថា៖ «អ្វីដែលខ្ញុំបានបញ្ជាក់នេះគឺសម្រាប់តែមនុស្សចាស់ ជនពិការ កូនក្មេង ជនងាយរងគ្រោះ និងរងគ្រោះក្នុងគ្រួសារក្រីក្រ។ ខ្ញុំសុំបញ្ជាក់ថាក្នុងគ្រួសារក្រីក្រទេ អ្នកមិនក្រយើងមិនទាន់មានលទ្ធភាពផ្ដល់ជូនទេ! ជារួមអ្នកទាំងនោះគាត់អាចមានរបបដូចជាចូលនិវត្តន៍អញ្ចឹងសម្រាប់ទ្រទ្រង់ជីវភាពពួកគាត់»។

របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ប្រជាជនកម្ពុជាដែលមានអាយុ ៦០ឆ្នាំឡើងមានចំនួន ៨,៩% នៃប្រជាជនសរុប ដោយរំពឹងថា តួលេខនេះនឹងកើនឡើងដល់ ២១% ក្នុងឆ្នាំ ២០៥០ ដែលធ្វើឱ្យចំនួនពលរដ្ឋដែលស្ថិតក្នុងវ័យពលកម្មដែលរ៉ាប់រងឧបត្ថម្ភដល់មនុស្សចាស់កាន់តែតិចទៅៗ ដែលចាំបាច់ត្រូវការប្រព័ន្ធគាំពារសង្គមមួយដែលសាកសមសម្រាប់ពួកគាត់។

ដើម្បីជាការរលឹកដឹងគុណដល់មនុស្សចាស់ដែលធ្លាប់បានកសាងសង្គមជាតិពិភពលោកបានកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩០មក ជាទិវារលឹកដឹងគុណដល់មនុស្សចាស់។ ទិវាមនុស្សចាស់កម្ពុជាក្នុងឆ្នាំ២០២១នេះត្រូវបានប្រារព្ធក្រោមប្រធានបទ «ចូលរួមថែទាំសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»។

ក្នុងសារលិខិតអបអរទិវាមនុស្សចាស់កម្ពុជា និងពិភពលោក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន អង្គការមនុស្សធម៌ ប្រព័ន្ធផ្សព្វផ្សាយ ឱ្យបង្កើនការយកចិត្តទុកដាក់គាំទ្រគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបានដើម្បីលើកស្ទួយសុខមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏ជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិពេលបំពេញការងារចុះមូលដ្ឋានត្រូវឆ្លៀតពេលសួរសុខទុក្ខនិងឧបត្ថម្ភដល់ជនចាស់ជរានៅតាមសហគមន៍ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក