នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា អំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់មនុស្សចាស់
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងជនរួមជាតិ ចូលរួមបង្កើនការយលចិត្តទុកដាក់គាំទ្រគ្រប់មធ្យោបាយដើម្បីលើកស្ទួយសុខមាលភាពមនុស្សចាស់ឱ្យកាន់តែល្អប្រសើរ។
ក្នុងសារលិខិតអបអរទិវាមនុស្សចាស់កម្ពុជា និងពិភពលោក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន អង្គការមនុស្សធម៌ ប្រព័ន្ធផ្សព្វផ្សាយ ឱ្យបង្កើនការយកចិត្តទុកដាក់គាំទ្រគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបានដើម្បីលើកស្ទួយសុខមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏ជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិពេលបំពេញការងារចុះមូលដ្ឋានត្រូវឆ្លៀតពេលសួរសុខទុក្ខនិងឧបត្ថម្ភដល់ជនចាស់ជរានៅតាមសហគមន៍ផងដែរ។
ចំពោះពលរដ្ឋវិញសម្ដេចក៏បានណែនាំ ឱ្យបន្តពង្រឹងនូវសីលធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើងជាពិសេសត្រូវអប់រំកូនចៅនិងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានមាតា បិតា ជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។
សម្ដេចតេជោ បានលើកឡើងថា៖ « អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃដេលបានធ្វើចំពោះមនុស្សជំនាន់មុនគឺពិតជាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រនិងត្រង់ត្រាប់តាមដែលយើងនឹងបានទទួលនូវភាពកក់ក្ដៅពោពេញដោយក្ដីសង្ឃឹមនិងជឿជាក់ កូនចៅជំនាន់ក្រោយនឹងទំនុកបម្រុងបានល្អដូចដែលយើងបានទំនុកបម្រុងដល់មនុស្សជំនាន់មុនដែរ » ។
នៅថ្ងៃនេះផងដែរប្រធានសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ក៏បានសរសេរបង្ហោះលើហ្វេសបុកផេករបស់សម្ដេចដោយបានលើកឡើងថា នៅក្នុងសង្គមខ្មែរយើងមានវប្បធម៌ប្រពៃណីតាំងពីយូរលង់មកហើយក្នុងការគោរព ប្រណិបត្តិនិងផ្តល់តម្លៃចំពោះមនុស្សចាស់ ដែលជាមាតាបិតា សាស្រ្តាចារ្យ បុព្វការីជននៅគ្រប់មជ្ឈដ្ឋានទាំងក្នុងគ្រួសារនិងសង្គមជាតិទាំងមូល។
ហើយក្នុងអាណត្តិកន្លងទៅ រដ្ឋសភាបានតាក់តែងនិងអនុម័តច្បាប់ ដែលជាបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើននៅក្នុងការគាំពារ លើកកម្ពស់គុណតម្លៃមនុស្សចាស់នៅក្នុងសង្គមជាតិ។
សម្ដេចចក្រីបានអំពាវនាវផងដែរថា៖ « ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ ចូលរួមធ្វើបុណ្យ ដាក់ទាន ជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អទាំងផ្លូវកាយនិងផ្លូវចិត្ត និងចូលរួមបណ្តុះស្មារតីប្រកបដោយគុណធម៌ដ៏មានតម្លៃនេះ ដល់កូនចៅជំនាន់ក្រោយៗ ចូលរួមប្រតិបត្តិជារហូតទៅ »។
ដើម្បីជាការរលឹកដឹងគុណដល់មនុស្សចាស់ដែលធ្លាប់បានកសាងសង្គមជាតិពិភពលោកបានកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩០មក ជាទិវារលឹកដឹងគុណដល់មនុស្សចាស់។ ទិវាមនុស្សចាស់កម្ពុជាក្នុងឆ្នាំ២០២១នេះត្រូវបានប្រារព្ធក្រោមប្រធានបទ « ចូលរួមថែទាំសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា » ។