សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបញ្ចប់ការបិទខ្ទប់ក្នុងខេត្ត និងបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តចាប់ពីថ្ងៃនេះតទៅ។
ក្នុងសេចក្តីសម្រេចចុះថ្ងៃទី៣០ ខែកញ្ញា នេះអភិបាលខេត្តសៀមរាបបានសម្រេចបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម និងលឿងទុំ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបញ្ចប់ផងដែរនូវទីតាំងត្រូតពិនិត្យសុខភាពបឋមដែលមានព្រំប្រទល់ខេត្តសៀមរាបផងដែរ។
អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានសរសេរក្នុងហ្វេសបុកផេករបស់លោកថា ការសម្រេចរបស់អាជ្ញាធរខេត្តនៅពេលនេះ ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយល់ច្បាស់ពីទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ដោយលោកបានសម្រេចរំសាយ រាល់តំបន់ក្រហម លឿងទុំ ទាំងអស់ទូទាំងប្រទេសដើម្បីទុកលទ្ធភាពអោយ ប្រជាពលរដ្ឋអាចចេញមករកស៊ីទទួលទានឡើងវិញបាន។
ទោះជាយ៉ាងណាលោក ទៀ សីហា ព្រមានថាលោកនឹងសុំទៅសម្ដេចដើម្បីដាក់ជាតំបន់ក្រហមឡើងវិញប្រសិនជាពលរដ្ឋនៅតែបន្តបំពានមិនអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ បណ្តាលអោយឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរម្តងទៀត។
លោកសរសេរថា៖ « ខ្ញុំនៅតែសង្ឃឹម និងជឿជាក់ថាយើងអាចធ្វើបាន ខ្ញុំធ្វើតែម្នាក់ឯង មិនបានទេ មានតែបងប្អូនប្រជាពលរដ្ឋទេដែលសម្រេច លើវាសនារបស់ខេត្តយើង ចូលរួមទាំងអស់គ្នា យើងនិងជោគជ័យ ទាំងអស់គ្នា » ។
ចាប់ពីថ្ងៃទី៣១ ខែសីហាមករដ្ឋបាលខេត្តសៀមរាបបានចាប់ផ្ដើមបិទខ្ទប់ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រនានាក្នុងខេត្ត ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអភិបាលខេត្តថាដើម្បីការពារពលរដ្ឋពីការឆ្លងរាលដាលនៃជំងឺ និងធ្វើឱ្យខេត្តអាចឆាប់វិលត្រលប់មកកាន់សភាពដើមវិញ៕