មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចគាំទ្រគំនិតផ្ដួចផ្ដើមដាក់បញ្ចូលជនមានពិការភាពក្នុងដំណើរការបណ្ដុះបណ្ដាលភាពជាសហគ្រិន
ភ្នំពេញ៖ សហគ្រាសអ៊ែដ្យាយ ឌីវេឡុបម៉ិនគ្រុប បានរៀបចំសិក្ខាសាលាមួយសម្រាប់សហគ្រិនស្ត្រីនិងយុវជនពិការ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីលើកកម្ពស់ការរចនាដែលផ្តោតលើមនុស្សដែលនឹងជួយបង្កើតឱកាសសម្រាប់ជនមានពិការភាពជាពិសេសស្ត្រីក្នុងការដោះស្រាយឧបសគ្គចំពោះការដាក់បញ្ចូលសហគ្រិនទាំងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រដោយអង្គការPACT រួមជាមួយទីភ្នាក់ងារUSAID និងអគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការរបស់រដ្ឋាភិបាលដឹកនាំដោយរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា។
ក្នុងឱកាសនោះលោក ឯម ច័ន្ទមករា បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះដោយថាវានឹងបង្កើនទំនុកចិត្ត ចំណេះដឹង និងជំនាញរបស់ស្ត្រីមានពិការភាពនៅគ្រប់ខេត្តគោលដៅ ក៏ដូចជាបង្កើតបណ្តាញជាតិសម្រាប់យុវជននិងយុវនារីដែលមានពិការភាពតាមរយៈបណ្តាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោកមានប្រសាសន៍ថា៖ « រាជរដ្ឋាភិបាលបានកំណត់ការងារពិការភាពជាការងារអាទិភាព រួមទាំងលើកកម្ពស់សមភាពយ៉េនឌ័រដោយបានដាក់បញ្ចូលទៅក្នុងគោលដៅនៃផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ក្នុងនោះយុវជន យុវនារីដែលមានពិការភាពក៏ត្រូវបានផ្ដល់ឱកាសឱ្យចូលរួមយ៉ាងសកម្មក្នុងការអប់រំ ការស្វែងរកការងារ ជាពិសេសឱកាសប្រកួតប្រជែងសមត្ថភាពជំនាញទាំងសិល្បៈ កីឡា និងជំនាញព័ត៌មានវិទ្យាជាដើម។ មានយុវជនពិការភាពចំនួន៦នាក់ដែលធ្លាប់ទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងផ្នែកប្រព័ន្ធវិទ្យាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងបានក្លាយជាមន្ត្រីរាជការកំពុងបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ យុវជនពិការគឺជាទំពាំងស្នងឬស្សីប្រសិនបើប្អូនៗខិតខំប្រឹងប្រែងប្រែក្លាយពិការភាពទៅជាឱកាស » ។
អ្នកចាត់ការទូទៅ សហគ្រាសអ៊ែដ្យាយ ឌីវេឡុបម៉ិនគ្រុបលោកស្រី ប៊ុន ឃីម មានប្រសាសន៍ថាសិក្ខាសាលានាថ្ងៃនេះនិងជួយបង្កើនការចាប់អារម្មណ៍សម្រាប់ជនមានពិការភាព និងបង្កើតឱកាសសេដ្ឋកិច្ចក៏ដូចជាការងារឯករាជ្យជាមួយនឹងការច្នៃប្រឌិតសម្រាប់ភាពជាសហគ្រិនដែលនឹងអាចចូលរួមក្នុងការអភិវឌ្ឍសង្គមបាន។
នាយកប្រចាំប្រទេសនៃអង្កការ PACT អ្នកស្រី Sabine Joukes ក៏បានសម្តែងការកោតសរសើរចំពោះការចូលរួមរបស់រដ្ឋាភិបាល ដោយថាកិច្ចសហប្រតិបត្តិការល្អនិងការសន្ទនាប្រកបដោយស្ថាបនារវាងក្រុមផ្សេងៗនិងរដ្ឋាភិបាលនឹងផ្តល់លទ្ធផលជាវិជ្ជមានដល់កិច្ចការនេះ។
អ្នកស្រីJoukes និយាយថា៖ « ដូចដែលខ្ញុំបាននិយាយរួចមកហើយវាពិតជាអស្ចារ្យណាស់ដែលឃើញតំណាងរដ្ឋាភិបាលនៅទីនេះហើយមិនមែនគ្រាន់តែសម្រាប់សុន្ទរកថាណែនាំនោះទេ ប៉ុន្តែខ្ញុំយល់ថាគាត់នឹងនៅទីនេះជាមួយយើងថែមទៀត។ ហើយសិក្ខាសាលានេះមិនមែនគ្រាន់តែជាសិក្ខាសាលាធម្មតានោះទេវាគឺយកធាតុចូលពីការរចនាដែលផ្តោតលើមនុស្ស។ នោះហើយជាមូលហេតុដែលខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញសហគ្រិនស្ត្រីរបស់យើង និងបងប្អូនមានពិការភាពចូលរួម។ យើងជឿជាក់យ៉ាងមុតមាំថាពួកគេគឺជាផ្នែកមួយនៃដំណោះស្រាយ» ។
លោកស្រីក៏បានបន្ថែមថាបច្ចុប្បន្នសហគ្រិនស្ត្រីនៅកម្ពុជា ត្រូវការការគាំទ្រច្រើនបើប្រៀបធៀបទៅនឹងដៃគូបុរសរបស់ពួកគេ។
អនុប្រធានបេសកកម្មនៃទីភ្នាក់ងារ USAID លោកស្រី ហាំង្វៀន ក៏បានសង្កត់ធ្ងន់ផងដែរថាទាំងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលភិបាល ត្រូវធ្វើការដោះស្រាយរួមគ្នាលើបញ្ហាវិសមភាពទៅលើជនពិការ។ អ្នកស្រីបន្តទៀតថា ថាគោលដៅនៃការធ្វើការរួមគ្នានេះគឺដើម្បីបង្កើតបរិយាកាសសេដ្ឋកិច្ចសង្គមដែលប្រជាជនកម្ពុជាគ្រប់រូបអាចដឹងពីសក្តានុពលពេញលេញរបស់ពួកគេដោយមិនគិតពីសមត្ថភាពរាងកាយ ស្ថានភាពសង្គមភេទ និន្នាការភេទ ឬជនជាតិ៕