លិខិតមិត្តអ្នកអាន៖ ហេតុអ្វីសហរដ្ឋអាមេរិកគ្មានបំណងបោះបង់បំណុលដែលជាដើមចមនៃការបំផ្លិចបំផ្លាញ និងសម្លាប់ប្រជាជនកម្ពុជា?
ភ្នំពេញ៖ នាពេលថ្មីៗនេះសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
នេះជាជំនួយជាទឹកប្រាក់ដល់អ្នកដែលបានរងគ្រោះពីរបបខ្មែរក្រហម ប៉ុន្តែសហរដ្ឋអាមេរិកដូចជាមិនមានបំណងក្នុងការបោះបង់បំណុលដែលជាដើមចមនៃការបំផ្លិចបំផ្លាញកម្ពុជាកំឡុងឆ្នាំ១៩៧០ ដែលបានបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិតជាច្រើនអ្នក ហើយអ្នកដែលទទួលជំនួយពីសហរដ្ឋអាមេរិកនាពេលនេះក៏ជាជនរងគ្រោះដោយសារបំណុលនោះផងដែរ។
ទោះបីជាសហរដ្ឋអាមេរិកហាក់ដូចបង្ហាញភាពអាណិតអាសូរលើបញ្ហាដែលកើតឡើងពីអតីតកាលក្ដី ប៉ុន្តែភាគីអាមេរិកដូចជាមិនដែលមានបំណងនឹងបោះបង់ចោលបំណុលដែលសាងឡើងដោយលោកសេនាប្រមុខលន់ នល់នោះឡើយ។
កាលពីដើមខែមិថុនា ឆ្នាំ២០២១កន្លងទៅក្នុងដំណើរទស្សនៈកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman មកកាន់ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដាក់ចេញនូវយន្តការចំនួនបីសម្រាប់សហរដ្ឋអាមេរិកដើម្បីពិចារណាទាក់ទងទៅនឹងបំណុលដែលសម្ដេចហៅថា «បំណុលកខ្វក់»។
យន្តការទាំងបីនោះមានដូចជា ទី១ អនុញ្ញាតឱ្យកម្ពុជាសងបំណុលបន្តិចម្តងៗ ទី២ សងជាមួយអត្រាការប្រាក់ ១ ភាគរយ និងទី៣ ប្រែក្លាយបំណុលប្រមាណជាង ៧០ ភាគរយទៅជាជំនួយអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថាបំណុលដែលបានធ្វើឡើងដោយសេនាប្រមុខលន់ នល់ គឺបានកើតឡើងដោយការបង្ខិតបង្ខំឱ្យទិញមកសម្លាប់ជាតិសាសន៍ឯងតែប៉ុណ្ណោះ ដូច្នេះហើយទើប សម្ដេចតេជោ ហៅវាថាជា «បំណុលកខ្វក់»។ ទោះបីជាយ៉ាងណាក៏ដោយ កំណត់ត្រាអាមេរិកបានបង្ហាញថាប្រាក់កម្ចីនេះត្រូវបានធ្វើឡើងសម្រាប់ទិញម្ហូបអាហារ និងទំនិញកសិកម្មដទៃទៀតដែលជាតម្រូវការនៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជានាពេលនោះ។
រហូតមកដល់ពេលនេះបំណុលសរុបដោយបូករួមទាំងការប្រាក់ត្រូវបានគេសន្និដ្ឋានថាស្ថិតនៅក្នុងរង្វង់ប្រមាណពី ៥០០ ទៅ ៧០០លានដុល្លាសហរដ្ឋអាមេរិកដែលមានការកើនឡើងជាច្រើនពីទឹកប្រាក់ដើមដែលត្រឹមតែ ២៧៨លានដុល្លាប៉ុណ្ណោះ ហើយនេះជាបំណុលដែលបំផ្លិចបំផ្លាញ និងសម្លាប់ប្រជាជនកម្ពុជា។
ជំនួបរវាងសម្ដេចហ៊ុន សែន និងលោកស្រី Wendy Sherman
ទោះបីជាភាគីកម្ពុជាលើកឡើងអំពីកត្តាអសមត្ថភាពទៅលើសំណងក្ដីប៉ុន្តែលោក Scot Marciel ដែលជាជំនួយការលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានកត់សម្គាល់នៅក្នុងសវនាការសភាកាលពីឆ្នាំ ២០០៨ ឃើញថាកម្ពុជាមិនមានឆន្ទៈជាជាងមិនអាចសងបំណុលរបស់ខ្លួនបាន។ ក្នុងន័យនេះយើងអាចនិយាយដោយខ្លីបានថាបំណុលដែលកខ្វក់ បំណុលដែលយកមកសម្លាប់ជាតិសាសន៍ខ្លួន កម្ចីដែលជាការបង្ខិតបង្ខំមិនសាកសមនឹងទទួលបានសំណងវិញនោះឡើយ។
ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងគ្រប់គ្នាតែងតែលឺពាក្យថា «អន្ទាក់បំណុល» ដោយការប្រើពាក្យនេះគឺផ្ដោតសំខាន់ទៅលើ និងវាយប្រហារទៅលើប្រទេសចិនដែលប្រើប្រាស់ល្បិចកលក្នុងការឱ្យប្រាក់កម្ចីទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ខ្ជីរហូតលែងមានសមត្ថភាពក្នុងការសងបំណុលនោះ។ ប៉ុន្តែនៅក្នុងករណីបំណុលកខ្វក់របស់កម្ពុជាក៏មិនមានសភាពខុសគ្នាប៉ុន្មាននោះដែរ ដែលសហរដ្ឋអាមេរិកព្យាយាមប្រើប្រាស់វាជាបំណុលការទូត ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមទទួលយកយន្តការណាមួយដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ តើពួកគេនឹងទទួលបានអ្វីពីប្រទេសកម្ពុជា?
ដូច្នេះហើយប្រសិនបើព្រះរាជាណាចក្រកម្ពុជាពិតជាចង់ឱ្យបំណុលប្រមាណ ៧០ ភាគរយនោះប្រែក្លាយទៅជាជំនួយអភិវឌ្ឍន៍ពិតមែននោះ ប្រាកដណាស់កម្ពុជានឹងត្រូវទទួលយកការបង្ខិតបង្ខំណាមួយដែលសហរដ្ឋអាមេរិកដាក់ចេញ ឬសហរដ្ឋអាមេរិកនឹងទុកឱ្យបំណុលនេះមានការកើនឡើងជារៀងរាល់ឆ្នាំដែលកញ្ចប់នៃទឹកប្រាក់សរុបនឹងមានការកើនឡើងឥតឧបមា។
រូបតំណាងនៃអន្ទាក់បំណុលការទូត
គួរបញ្ជាក់ផងដែរថាកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ទៃទៀតដែលជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ ហើយការបន្ធូរបន្ថយនៃចំនួនបំណុល ឬប្ដូរវាទៅជាជំនួយអភិវឌ្ឍន៍គឺជាមធ្យោបាយមួយក្នុងការរឹតបន្តឹងចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ ជាងនេះទៅទៀតប្រទេសទាំងពីរ ជាពិសេសប្រទេសកម្ពុជាផ្ទាល់ គប្បីបន្តការពិភាក្សាគ្នាអំពីបញ្ហាមួយនេះដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាមួយនេះឱ្យបានលឿនបំផុតដោយអាចចរចាផ្ទេរបំណុលមួយភាគធំនោះទៅជាជំនួយអភិវឌ្ឍន៍ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ភាគីទាំងពីរជាពិសេសនោះក្នុងវិស័យអប់រំ។ ជាក់ស្ដែងវានឹងជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជា និងជាមាគ៌ាឈានទៅរកប្រជាធិបតេយ្យពេញលេញនាពេលខាងមុខ។ ហើយកត្តានេះក៏ស្របទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកព្រោះវាមិនមែនត្រឹមតែជួយដោះស្រាយបំណុលកខ្វក់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកម្ពុជាក្នុងការបន្តអភិវឌ្ឍន៍តាមលទ្ធិប្រជាធិបតេយ្យផងដែរ។
ជារួម សហរដ្ឋអាមេរិកគឺនឹងមិនបោះបង់ចោលដោយងាយៗនោះឡើយដោយសារតែបំណុលនេះវានៅតែដើរតួយ៉ាងសំខាន់សម្រាប់គេក្នុងការប្រើប្រាស់ជាមធ្យោបាយដើម្បីសម្រេចគោលបំណងនយោបាយមកលើប្រទេសកម្ពុជាព្រោះគេក៏ដឹងច្បាស់ដែរថាកម្ពុជាមិនមានឆន្ទៈក្នុងការសងបំណុលកខ្វក់នេះឡើយ។
ដូច្នេះហើយប្រមុខរដ្ឋាភិបាលកម្ពុជាអាចដោះស្រាយបញ្ហានេះបានដោយប្រើប្រាស់ផ្លូវការទូតតែប៉ុណ្ណោះដើម្បីចរចាស្វែងរកដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់ភាគីទាំងពីរទោះបីជាវាមិនមែនជារឿងងាយស្រួលក៏ដោយ៕