វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាមេរិកកំពុងព្យាយាមធ្វើឱ្យល្អក់ករក្នុងទំនាក់ទំនងជាមួយកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុកសេចក្តីស្នើច្បាប់របស់សភាអាមេរិក HR 4686 ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនឹងធ្វើឱ្យល្អក់កករនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា ខណៈលោកជឿថាព្រឹទ្ធិសភា និងប្រធានាធិបតីអាមេរិកនឹងមិនយល់ព្រមនោះទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានឱ្យ EAC News ដឹងថាក្នុងស្ថានភាពដែលអាមេរិកកំពុងប្រឈមនឹងមហាអំណាចចិនការព្យាយាមដាក់ទណ្ឌកម្មលើកម្ពុជាគឺជារឿងដែលធ្វើឱ្យអាមេរិកខាតបង់។

លោកបន្ថែមថា៖ « ខ្ញុំយល់ថាប្រធានាធិបតីលោកមិនយកច្បាប់នេះទៅអនុវត្តទេ។ ពីព្រោះថាប្រធានាធិបតីត្រូវការលំហឱកាសនយោបាយក្នុងការពិភាក្សា ក្នុងការប្រជែងគ្នារួមបញ្ចូលនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។ ព្រោះអាមេរិកកំពុងប្រឈមជាមួយឥទ្ធិពលចិន ដែលសហរដ្ឋអាមេរិកតែងតែគៀងគរសម្ព័ន្ធមិត្ត និងសមាជិកមករួមគ្នា » ។

សេចក្ដីស្នើច្បាប់ស្ដីពី « លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ » ឬ HR 4686 នេះត្រូវបានស្នើឡើងដោយតំណាងរាស្ត្រអាមេរិក២រូបគឺលោក ស្ទីវ ឆាតបុត និងលោក អាលែន ឡូវែនថល ដែលមានគោលបំណងក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាដែលអាមេរិកចាត់ទុកថាបានបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ទណ្ឌកម្មនោះមានដូចជាការបង្ករទ្រព្យសម្បត្តិ ឬរាល់ការចរាចរប្រាក់ដែលមាននៅលើទឹកដីអាមេរិក ឬហាមឃាត់មិនឱ្យចូលទឹកដីអាមេរិកជាដើម។

ក្រោយពីសភាអនុម័តរួច សេចក្ដីស្នើច្បាប់នេះត្រូវបញ្ជូនទៅកាន់ព្រឺទ្ធិសភា និងប្រធានាធិបតី ២ដំណាក់ទៀតមុននឹងចូលជាធរមាន។

ទោះជាយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានសរសេរទៅកាន់ក្រុមអ្នកកាសែតនៅថ្ងៃទី២៦ ខែកញ្ញា កន្លងទៅថាបើទោះបីជាសេចក្ដីស្នើច្បាប់នេះចេញក៏ដោយក៏គ្មានប្រសិទ្ធិភាពលើរដ្ឋអធិបតេយ្យដូចកម្ពុជានោះដែរ។

លោកសរសេរថា៖ « បើច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមានប្រសិទ្ធិភាពនោះ ប្រហែលប្រទេសអេរ៉ង់ និងកូរ៉េខាងជើង ងាប់បាត់តាំងពី៣០-៤០ឆ្នាំមកម្លេះ » ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា មានប្រសាសន៍ថាសហរដ្ឋអាមេរិកកំពុងបង្ហាញពិភពលោកពីភាពមិនស្នើគ្នានៃសិទ្ធរបស់សមាជិកអង្គការសហប្រជាជាតិ ក៏ដូចជាការអនុវត្តស្ដង់ដារពីរទៅលើប្រទេសដែលឯករាជ្យមួយដែលមិនដើរតាមខ្លួន ហើយមិនបានឆ្លុះបញ្ចាំងពីធាតុពិតជាក់ស្ដែងពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

លោកបន្ថែមថា ការធ្វើច្បាប់ដាក់ទណ្ឌកម្មជាបន្តបន្ទាប់នេះនឹងធ្វើឱ្យខូចនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលខំកសាងឡើងមកជាច្រើនឆ្នាំមកហើយឱ្យបាត់បង់ទៅវិញ។

លោកថាប្រសិនជាអាមេរិកចង់ជួយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះគឺប្រើប្រាស់ការជួយ ជាជាងការដាក់ទណ្ឌកម្មបែបនេះ។

លោកថា៖ « ត្រូវដឹងថាកម្ពុជាបច្ចុប្បន្នមិនមែនជាកម្ពុជាកាលពីទស្សវត្សឆ្នាំ៥០ ឆ្នាំ៦០ទេ! កម្ពុជាបច្ចុប្បន្នមានតួនាទីលេចធ្លោកាន់តែសំខាន់នៅក្នុងកិច្ចការអន្តរជាតិ។ ជាពិសេសឆ្នាំក្រោយនេះកម្ពុជានឹងធ្វើជាប្រធានអាស៊ានផង អញ្ចឹង! ចង់ឬមិនចង់ការដាក់ចេញនូវសេចក្ដីស្នើច្បាប់បែបនេះ ឬក៏វាក្លាយជាច្បាប់នៅចុងឆ្នាំនេះ ឬឆ្នាំក្រោយនៅពេលប្រធានាធិបតីសហរដ្ឋអាមេរិកចុះហត្ថលេខាវាអាចបង្កជាឧបសគ្គសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ » ។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងរតនាគារជាតិអាមេរិកបានសម្រេចដាក់ទណ្ឌកម្មតាមច្បាប់ Global Magnitsky ទៅលើមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីគឺលោក ហ៊ីង ប៊ុនហៀង ដែលតម្រូវឱ្យបង្កកទ្រពសម្បត្តិរបស់លោកទាំងអស់នៅសហរដ្ឋអាមេរិក។ ជាការឆ្លើយតបលោក ហ៊ីង ប៊ុនហៀង ចាត់ទុកការសម្រេចនេះគឺជារឿងដែលគួរឱ្យអស់សំណើច និងប្រាប់ឱ្យអាមេរិកបង្កកចុះប្រសិនជាគាត់មានលុយនៅអាមេរិកនោះ។

ក្នុងសន្និបាតអង្គការសហប្រជាតិលើកទី៧៦ កាលពីថ្ងៃទី២៥ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាវាសនាប្រទេសមួយមិនគួរត្រូវបានកំណត់ដោយប្រទេសណាមួយ ដោយបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះទេ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក