បង់ក្លាដែស៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិនិងមន្រ្តីប៉ូលីសនៃប្រទេសបង់ក្លាដែស បាននិយាយថាមានខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេដឹកនាំមូស្លីមរ៉ូហ៊ីងយ៉ាដ៏លេចធ្លោម្នាក់ នៅក្នុងជំរុំជនភៀសខ្លួនមួយស្ថិតនៅភាគខាងត្បូងប្រទេសបង់ក្លាដែសកាលពីថ្ងៃពុធទី ២៩ ខែកញ្ញាម្សិលមិញ។ ឃាតកម្មនេះបានកើតមានឡើងដែលនាំឱ្យមជ្ឈដ្ឋានអន្តរជាតិកាន់តែចាប់អារម្មណ៍បន្ថែមទៀតទៅលើអំពើហិង្សាដែលកើតមានឡើងក្នុងទីតាំងជំរុំជនភៀសខ្លួនដ៏ធំជាងគេមួយរបស់ពិភពលោកនេះ។
លោក Mohib Ullah មានវ័យជាង ៤០ឆ្នាំ ត្រូវបានគេស្គាល់ថាជាមេដឹកនាំក្រុមសហគមន៍រ៉ូហ៊ីងយ៉ាមួយដ៏ធំ ដែលក្រុមជនភៀសខ្លួនទាំងនេះមានសមាជិកប្រមាណជាជិត ៧០០,០០០នាក់ ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា និងកកើតជាសហគមន៍មួយក្រោយការបង្ក្រាបដោយក្រុមយោធាមីយ៉ាន់ម៉ាកាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ។
លោក Mohib Ullah ធ្លាប់ត្រូវបានអញ្ជើញទៅពិភាក្សាការងារនៅសេតវិមាន និងថ្លែងនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ខណៈលោកគឺជាអ្នកតស៊ូមតិដ៏សកម្ម និងលេចធ្លោបំផុតមួយរូបដែលធ្លាប់ថ្លែងការពារ និងលើកឡើងពីទុក្ខលំបាករបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជាក្រុមមនុស្សត្រូវបានធ្វើទុក្ខបុកម្នេញឥតឈប់ឈរដោយរដ្ឋាភិបាលមីយ៉ាន់ម៉ានាពេលកន្លងមក។
លោក Mohib Ullah មានសហគមន៍មួយដែលមានឈ្មោះថា សមាគមរ៉ូហ៊ីងយ៉ាដើម្បីសន្តិភាពនិងសិទ្ធិមនុស្ស (Arakan Rohingya Society for Peace and Human Rights)។ សមាគមរបស់លោកបានបំពេញកិច្ចការងារជាច្រើនដើម្បីផ្តល់ឱ្យជនភៀសខ្លួននូវសំឡេងកាន់តែមានកម្លាំងចេញពីជំរុំជនភៀសខ្លួនទៅកាន់សហគមន៍អន្តរជាតិ។ កន្លងមក លោកធ្លាប់បានប្រាប់មកកាន់សារព័ត៌មាន Reuters កាលពីឆ្នាំ២០១៩ថា លោកធ្លាប់បានទទួលការគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែលោកធ្លាប់បានតបទៅវិញថា លោកពេញនឹងស្លាប់ ដើម្បីបុព្វហេតុនៃជនជាតិរ៉ូហ៊ីងយ៉ា៕