អេស្ប៉ាញ៖ បរាជ័យ ៣-០ ទល់នឹងក្រុមម្ចាស់ផ្ទះ Benfica នាការប្រកួត UEFA Champions League សប្តាហ៍ទី២ ហាក់កាន់តែបង្កើននូវសម្ពាធកាន់តែខ្លាំងដល់កៅអីគ្រូបង្វឹករបស់លោក Ronald Koeman រហូតដល់អ្នកគាំទ្រទាមទារ និងចង់ឱ្យក្លិបបណ្តេញគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះចេញពីតំណែង ប៉ុន្តែយ៉ាងណាក្តី ខ្សែបម្រើវ័យក្មេង Frankie De Jong បែរជាយល់ឃើញផ្ទុយពីនេះទៅវិញ។
ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះបានលើកឡើងថា ការបណ្តេញលោក Koeman ចេញពីតំណែងក្នុងស្ថានភាពក្លិបបែបនេះ ពុំអាចដោះស្រាយ ឬជួយឱ្យក្លិបប្រសើរឡើងវិញអ្វីនោះទេ។ De Jong បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ "ខ្ញុំពុំគិតថាការផ្លាស់ប្តូរគ្រូបង្វឹក ជាផ្លូវដោះស្រាយបញ្ហាសម្រាប់ក្លិបនោះឡើយ។ យ៉ាងណាក៏ដោយ ខ្ញុំពុំហ៊ាននិយាយពាក់ព័ន្ធនឹងលោក Koeman ទេ ព្រោះនេះមិនមែនជាតួនាទីរបស់ខ្ញុំ។" ផ្ទុយទៅវិញ De Jong បានលើកទឹកចិត្តក្រុមទាំងមូលឱ្យតស៊ូ និងរួបរួមគ្នាក្នុងស្ថានភាពបច្ចុប្បន្ន ត្បិតមានតែការរួមដៃគ្នាក្នុងគ្រាដ៏លំបាកនេះប៉ុណ្ណោះដែលអាចរកបានច្រកចេញដ៏ល្អមួយជារួមសម្រាប់ក្លិប។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ Barcelona កំពុងឈរលេខ ៦ ក្នុងតារាងក្របខណ្ឌអេស្ប៉ាញ La Liga និងដេញតាមគូប្រជែងធំ Real Madrid ចំនួន ៥ពិន្ទុ។ បញ្ហាធំរបស់ Barcelona នៅពេលនេះគឺបរាជ័យដ៏ដុនដាបក្នុងក្របខណ្ឌ UEFA Champions League ២ប្រកួតជាប់ៗគ្នា ពោលគឺចាញ់ bayern Munich ក្នុងទឹកដីខ្លួនឯង និងបន្តចាញ់ Benfica ៣-០ ផ្ទួនៗបន្តទៀត។
ប្រធានក្លិប Barcelona លោក Joan Laporta កន្លងមកធ្លាប់បានថ្លែងការពារទៅលើលោក Ronald Koeman ជុំវិញកៅអីជាអ្នកចាត់ការទូទៅនេះ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Laporta បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាភិបាលរបស់ក្លិបនឹងមិនរារែកឡើយក្នុងការបណ្តេញលោក Koeman ប្រសិនបើស្ថានភាពតំរូវឱ្យមានការសម្រេចចិត្តតឹងតែងកើតឡើង៕