មណ្ឌលគិរី៖ ក្រុមហ៊ុនរ៉ែអូស្ត្រាលី Renaissance Minerals (Cambodia) Limited បានចម្រាញ់មាសរបស់កម្ពុជាបានចំនួន ៤៨ដុំ ដែលស្មើប្រមាណ ៥៥៥គីឡូ បន្ទាប់ពីដំណើរការបានប្រមាណ ៣ខែ។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា មានប្រសាសន៍ថា ដំណើរការជីកមាសកំពុងប្រព្រឹត្តិទៅតាមការគ្រោងទុក ខណៈក្រុមហ៊ុននេះបាននាំចេញមាសទៅប្រទេសអូស្ត្រាលីចំនួន ៣៤ដុំ ដែលមានទំងន់ប្រមាណ ៣៥៥គីឡូក្រាមទៅកាន់ប្រទេសអូស្ត្រាលីរួចហើយផងដែរ។
អណ្តូងរ៉ែមាសត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២១ មិថុនា និងមានទីតាំងស្ថិតនៅក្នុងតំបន់អូរខ្វាវ នៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ការរុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals នៅតំបន់អូខ្វាវ ត្រូវបានគេរំពឹងថានឹងចម្រាញ់រ៉ែមាសចំនួន ៣តោនក្នុងមួយឆ្នាំ ក្នុងរយៈពេល ៨ឆ្នាំខាងមុខ។ ព្រះរាជាណាចក្រកម្ពុជារំពឹងថានឹងទទួលបានប្រាក់ ៤០លានដុល្លារពីសួយសារអាករនិងពន្ធពីលោហៈដ៏មានតម្លៃនេះរហូតដល់ឆ្នាំ២០២៩៕