
សេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានត្រូវបានក្រសួងបញ្ចប់ការពិភាក្សា និងត្រៀមបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌បានសម្រេចឯកភាពគ្នាបញ្ចប់ជាស្ថាពរនៃកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានរវាងក្រសួងទាំងពីរ និងត្រៀមបញ្ជូនទៅឆ្លងគណៈរដ្ឋមន្ត្រីអនុម័ត។
ក្នុងកិច្ចប្រជុំរវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌នៅព្រឹកនេះ ក្រសួងទាំងពីរបានពិភាក្សាលើបទប្បញ្ញាត្តិទាក់ទងនឹងអន្តរបញ្ញាត្ដិ ដែលជាចំណុចចុងក្រោយនៃសេចក្តីព្រាង និងបានឯកភាពគ្នាបញ្ចប់ជាស្ថាពរនៃសេចក្ដីព្រាងច្បាប់ និងរៀបចំរបាយការណ៍ដាក់ជូនរដ្ឋមន្ត្រីនៃក្រសួងទាំងពីរពិនិត្យសម្រេចមុននឹងដាក់បញ្ចូនទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័ត។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មានប្រសាសន៍ប្រាប់ EAC News ថានៅពេលនេះក្រុមការងាររបស់ក្រសួងព័ត៌មានកំពុងរៀបចំឯកសារគាំទ្រផ្សេងៗ ជាមួយសេចក្ដីព្រាងដាក់ជូនរដ្ឋមន្ត្រីដើម្បីពិនិត្យរួចហើយ។
លោកបន្ថែមថា៖ «ឥឡូវយើងបានបញ្ចប់កិច្ចពិភាក្សាក្នុងកម្រិតបច្ចេកទេសហើយ។ អញ្ចឹងនៅសល់តែកិច្ចការមួយចំនួនទៀត ហើយតាមការប្ដេជ្ញាចិត្តរបស់ក្រសួងព័ត៌មានយើងនឹងខិតខំពន្លឿននូវការរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ស្នើសុំសេចក្តីព្រាងច្បាប់នេះទៅតាមនីតិវិធីច្បាប់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ យល់ថាការបញ្ចប់កិច្ចពិភាក្សាសេចក្តីព្រាងច្បាប់ និងត្រៀមដាក់ទៅទីស្ដីការនេះគឺជារឿងល្អសម្រាប់លើកស្ទួយវិស័យសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា តែលោកថាបើទោះបីជាច្បាប់នេះអាចចេញរូបរាងនាពេលខាងមុខក្ដីតែវាត្រូវការពេលយូរបន្ថែមទៀតដើម្បីបញ្ជ្រាបដល់អ្នកសារព័ត៌មាន និងមហាជនឱ្យបានស្គាល់ច្បាស់ពីច្បាប់នេះ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងទ្រឹស្ដីសារព័ត៌មានគឺយើងកសាងប្រភព ដូច្នេះអ្នកសារព័ត៌មាន និងអ្នកនាំពាក្យត្រូវការការយល់គ្នា ត្រូវការកិច្ចសហប្រតិបត្តិការហើយឱ្យច្បាស់នៅការទំនាក់ទំនងយកព័ត៌មានទៀត យើងនៅមានការខ្វះចន្លោះដែរអ្នកសារព័ត៌មានខ្លះគាត់អត់ដឹងតួនាទីរបស់អ្នកនាំពាក្យជួនកាលគាត់សួរខុសសាច់រឿងដែរ។ […] ខ្ញុំគិតថារឿងនេះនៅមានទិដ្ឋភាពច្រើនក្នុងការកសាងទំនុកចិត្តរវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន ហើយរឿងមួយទៀតគឺអ្នកសារព័ត៌មានដែលទទួលថវិការពីរបរទេស អាហ្នឹងក៏នៅតែពិបាកដែរ រឿងខ្លះវាត្រឹមត្រូវ តែដោយសារអ្នកសារព័ត៌មានទទួលថវិកាពីបរទេសវាធ្វើឱ្យរឿងហ្នឹងវានៅតែស្រអាប់។ អញ្ចឹងខ្ញុំគិតថាវាត្រូវការពេលវេលាថែមទៀតជាមួយនឹងការធ្វើច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ»។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានក្រសួងព័ត៌មានរៀបចំតាក់តែងតាំងពីឆ្នាំ២០១៣ ដោយមានការគាំទ្រពីអង្គការយូណេស្គូ។ ច្បាប់នេះមាន ៩ជំពូក និង៣៨មាត្រា ដែលមានគោលបំណងធានាដល់សិទ្ធរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មានដោយស្របតាមរដ្ឋធម្មនុញ្ញប្រទេស៕