សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានលាត់ដៃអាវទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជាផ្លូវការហើយនៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលនេះជាសញ្ញាណមួយនៃឧទាហរណ៍ដ៏មានឥទ្ធិពលចំពោះប្រជាជននៃសហរដ្ឋអាមេរិក ដែលជាការអំពាវនាវឱ្យប្រជាជនប្រញាប់ប្រញាល់រួសរាន់ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសបន្ថែម ខណៈពលរដ្ឋមួយចំនួននៅមិនទាន់បានទទួលសូម្បីតែដូសទី១។
អំឡុងពេលដែលប្រជាជនប្រមាណ ២៣ភាគរយនៅមិនទាន់បានទទួលវ៉ាក់សាំងដូសទី១នៅឡើយនោះ ក្នុងឱកាសដែលលោកបានស្ម័គ្រចិត្តទទួលវ៉ាក់សាំងដូសជំរុញនេះ លោក Joe Biden ថ្លែងថា៖ "វ៉ាក់សាំងដូសជំរុញគឺពិតជាមានសារៈសំខាន់ណាស់! ប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា"។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ និងជំងឺឆ្លង (CDC) សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការផ្តល់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋអាមេរិកដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ ព្រមទាំងមនុស្សពេញវ័យដែលបំពេញការងារផ្នែកសុខាភិបាល ព្រមទាំងជនជួរមុខដែលប្រកបការងារមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ជាដើម។ ដោយឡែក សមាជិកសភានៃគណបក្សសាធារណរដ្ឋ លោក Mitch McConnell ក៏បានទទួលវ៉ាក់សាំងដូសជំរុញផងដែរ និងបានលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ទៅជួបគ្រូពេទ្យដើម្បីពិភាក្សាពីលទ្ធភាពទទួលវ៉ាក់សាំង។
គួរបញ្ជាក់ថា ភរិយារបស់លោកគឺលោកស្រី Jill Biden ដែលមានវ័យ ៧០ឆ្នាំក៏ទំនងជានឹងទទួលវ៉ាក់សាំងដូសជំរុញនាពេលឆាប់នេះៗផងដែរ។ ក្នុងឱកាសដែលលោកចាប់ផ្តើមទទួលវ៉ាក់សាំងដូសជំរុញនេះ ប្រធានាធិបតីវ័យ ៧៨ឆ្នាំខាងលើបានបដិសេធចំពោះការរិះគន់លើរដ្ឋាភិបាលអាមេរិក ដែលគួរតែចែកចាយវ៉ាក់សាំងឱ្យមានភាពទូលំទូលាយជាមុនសិន មុននឹងចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងដូសជំរុញនេះ។ ជុំវិញមតិរិះគន់នេះ លោក Joe Biden បានមានប្រសាសន៍យ៉ាងខ្លីដូច្នេះថា៖ "ពួកយើងបានធ្វើសកម្មភាពជំនួយរួចហើយ! ពួកយើងបានធ្វើជំនួយច្រើនជាបណ្តាប្រទេសធំៗនានាបូករួមគ្នាទៅទៀត"៕