អន្តរជាតិ៖ គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni នៅតែបន្តកោះហៅកីឡាករ ៣នាក់ក្នុងក្របខណ្ឌ English Premier League ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup នាខែតុលាខាងមុខនេះ បើទោះបីជាប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ នៅតែបន្តស្ថិតក្នុងបញ្ជីក្រហមនៃការធ្វើដំណើររបស់ចក្រភពអង់គ្លេសយ៉ាងណាក៏ដោយ។
កីឡាករដែលត្រូវកោះហៅចេញពីក្របខណ្ឌលីគកំពូលអង់គ្លេសនេះរួមមាន អ្នកចាំទីក្លិប Aston Villa, Emiliano Martinez និងកីឡាករ Giovani Lo Celso រួមទាំង Cristian Romero របស់ Tottenham Hotspurs ដែលពួកគេទាំងបីរូបនេះ ស្ថិតនៅក្នុងបញ្ជីកីឡាករទាំង ៣០នាក់ ដែលនឹងត្រូវប្រកួតជម្រុះ FIFA World Cup តំបន់អាមេរិកខាងត្បូងជាមួយ ប៉ារ៉ាហ្គាយ (ថ្ងៃទី០៨ ខែតុលា), ទល់នឹង អ៊ុយរូហ្គាយ (ថ្ងៃទី១១ ខែតុលា) និងចុងក្រោយប្រកួតជាមួយ ប៉េរូ (ថ្ងៃទី១៥ ខែតុលា)។
គួរបញ្ជាក់ថា រដ្ឋាភិបាលចក្រភពអង់គ្លេស នៅតែបន្តតម្រូវឱ្យរាល់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសស្ថិតក្នុងបញ្ជីក្រហម ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃដោយគ្មានការលើកលែង ខណៈក្លិបទាំងពីររបស់់កីឡាករអាហ្សង់ទីនទាំងបីនាក់នេះ ត្រូវមានការប្រកួតនៅចុងសប្តាហ៍ ពោលគឺនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលានោះតែម្តង។ Aston Villa នឹងត្រូវទទួលស្វាគមន៍ Wolve នៅថ្ងៃទី១៦ ខែតុលា ខណៈ Tottenham Hotspurs នឹងត្រូវជួបជាមួយ Newcastle United នាថ្ងៃទី១៧ ខែតុលា។
គួររំឮកថា កាលពីខែមុន ក្រុមជម្រើសជាតិអាហ្សង់ទីនធ្លាប់មានបញ្ហាម្តងរួចមកហើយនៅប្រទេសប្រេស៊ីល ពាក់ព័ន្ធនឹងកីឡាករដែលចេញពីលីគកំពូលអង់គ្លេស រហូតដល់មានការផ្អាកការប្រកួតរវាងក្រុមម្ចាស់ផ្ទះប្រេស៊ីល និងអាហ្សង់ទីនផ្ទាល់តែម្តង។ បច្ចុប្បន្ននេះ អាហ្សង់ទីនកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២ មាន ១៨ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាងប្រេស៊ីលចំនួន ៦ពិន្ទុ៕