អ៊ីតាលី៖ ក្លិបជើងឯកលីគកំពូលអ៊ីតាលី ៣៦សម័យកាល Juventus បានប្រកាសកាលពីថ្ងៃចន្ទកន្លងទៅថា ខ្សែប្រយុទ្ធទាំងពីររូបរួមមាន Paulo Dybala និង Alvaro Morata អ្នកទាំងពីរនឹងត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ដល់ពាក់កណ្តាលខែតុលា ពោលគឺក្រោយពេលបញ្ចប់ការប្រកួតកាលវិភាគអន្តរជាតិ (FIFA Day) ដោយសារបញ្ហារបួស។ ការប្រកាសរបស់ក្លិបជាផ្លូវការនេះ មានន័យថាកីឡាករសញ្ជាតិអាហ្សង់ទីន និងអេស្ប៉ាញទាំងពីរនាក់នេះនឹងមិនមានវត្តមានឡើយ ពេល Juventus ទទួលស្វាគមន៍ក្រុមការពារតំណែងជើងឯក Chelsea នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
Paulo Dybala គឺជាកីឡាករស៊ុតបញ្ចូលទីបើកការនាំមុខរួមចំណែកឱ្យ Juventus ឈ្នះប្រកួតទី២ ក្នុងលីគទល់នឹង Sampdoria ក្រោយមកក៏បានបង្ហាញអាការៈឈឺចាប់ខ្លាំង និងបានផ្លាស់ប្តូរចេញភ្លាមៗ ខណៈ Morata ត្រូវបានគេដឹងថាទទួលរងរបួសក្រោយផ្លាស់ចេញក្នុងពេលជិតចប់ការប្រកួត ជំនួសវិញដោយ Moise Kean។ តាមការបញ្ជាក់នៅលើវេបសាយផ្លូវការរបស់ក្លិប Juventus បានបញ្ជាក់ថា ក្រុមគ្រូពេទ្យប្រចាំក្លិបបានធ្វើរោគវិនិច្ឆ័យទៅលើកីឡាករទាំងពីរ ជាលទ្ធផលបានបង្ហាញថា Alvaro Morata ទទួលរងរបួសសាច់ដុំកម្រិតស្រាល នៃសរសៃពួរនៅភ្លៅខាងស្តាំ ចំណែក Dybala មានបញ្ហាយឺតសាច់ដុំនៅភ្លៅខាងឆ្វេង។ កីឡាករទាំងពីរនេះនឹងជាសះស្បើយ ព្រមទាំងអាចបង្ហាញខ្លួនឡើងវិញក្រោយបញ្ចប់ការប្រកួតអន្តរជាតិ (International Break)។
គួរបញ្ជាក់ថា ក្រុមសេះបង្កង់ Juventus នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Stadium ទទួលស្វាគមន៍ក្រុមតោខៀវ Chelsea នារាត្រីថ្ងៃព្រហស្បតិ៍នេះ ជាការប្រកួតទី២ ក្នុងក្របខណ្ឌ Champions League បន្ទាប់ពីបើកឆាកឈ្នះក្លិប Malmo។ បន្ទាប់មកក្រុមលោក Allegri នឹងត្រូវបន្តធ្វើដំណើរទៅកាន់ទឹកដី Olimpico Turin ជួបក្រុម Torino ក្នុងជំនួប Turin Derby។ ក្រោយបញ្ចប់ការប្រកួតអន្តរជាតិ Juventus នឹងត្រូវបន្តធ្វើការងារធ្ងន់ ដោយជួបជាមួយក្រុម AS Roma របស់លោក Jose Mourinho នាថ្ងៃទី១៨ ខែតុលាខាងមុខនេះ៕