បន្ទាយមានជ័យ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅលើដងផ្លូវជាតិលេខ៥ នៅរង្វង់មូលយាយជីច្រូតស្រូវ ស្រុកមង្គលបូរី បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ៥ បញ្ចប់ការស្ថាបនារួចរាល់រួចដាក់ឲ្យដំណើរការជាផ្លូវការ។
ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា ការចុះអប់រំនេះដើម្បីណែនាំពលរដ្ឋពីរបៀបប្រើប្រាស់ផ្លូវ និងឱ្យពលរដ្ឋទទួលបានការយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍នៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ « ការចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលបើកដំណើរការផ្លូវ៤គន្លង ដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នកជិះកង់ អ្នកដំណើរថ្មើជើង អ្នកជិះម៉ូតូ ម៉ូតូកងបី ម៉ូតូសណ្តោងរ៉ឺម៉ក អ្នកជិះរថយន្ត និងអ្នកបើកបរឲ្យបានដឹងនិងកាន់តែយល់ច្បាស់ពីស្លាកសញ្ញា ភ្លើងសញ្ញចរាចរណ៍ ការពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីជាការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវ » ។
ស្នងការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា បានឲ្យEAC Newsដឹងថា ដោយសារផ្លូវថ្មីនេះមាន៤គន្លង ហើយពលរដ្ឋនៅមិនទាន់យល់ពីការប្រើប្រាស់គន្លងបានត្រឹមត្រូវ ការងារផ្សព្វផ្សាយគឺមានសារសំខាន់ណាស់ក្នុងការបញ្ជៀបការយល់ដឹងក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តផងដែរ។
លោកស្នងការរងបានបញ្ជាក់ថា៖ « នៅពេលកម្លាំងចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូន ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឃើញថាប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវបួនគន្លង(៤គន្លង) មានប្រមាណជា២០%ដែលមិនទាន់ចេះច្បាប់ និងប្រើប្រាស់ដោយជិះបញ្ច្រាស់ទិសដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល ហើយត្រូវមន្ត្រីជំនាញធ្វើការអប់រំណែនាំឲ្យពួកគាត់បានការយល់ដឹងការពារសុវត្ថិភាព ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត គោរព ច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយបន្ត ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរិមា។
កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើងខេត្តបាត់ដំបងមកក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ទទឹង២៣ម៉ែត្រ មានបួនគន្លងជាជំនួយរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ(JICA)ត្រូវបានបើកឲ្យដំណើរការកាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅ៕