ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី បានព្រមានដល់អ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅភ្ជាប់នឹងបញ្ហារបស់បក្សហ្វ៊ុនស៊ិនប៉ិចឱ្យបញ្ឈប់សកម្មភាពតទៅទៀត ខណៈព្រះអង្គម្ចាស់ក្សត្រីបញ្ជាក់ថាត្រារបស់គណបក្សហ្វ៊ុនស៊ិនប៉ិចមិននៅនឹងព្រះអង្គនោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែកញ្ញា មូលនិធិស្ដ្រីសម្ដេចរស្មីសោភ័ណតំណាងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី បានបញ្ជាក់ថា ការងារក្នុងបក្សហ្វ៊ុនស៊ិនប៉ិចនៅពេលនេះមិនមានជាប់ពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ក្សត្រីនោះទេ ខណៈបច្ចុប្បន្ននេះព្រះអង្គម្ចាស់ក្សត្រីកំពុងមានកិច្ចការផ្ទាល់ខ្លួនគង់នៅប្រទេសបារាំង។
កាលពីថ្ងៃទី២២ ខែកញ្ញា ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចមួយចំនួនបានធ្វើសន្និសីទកាសែតមួយឯទីស្នាក់ការគណបក្សស្ថិតនៅសង្កាត់ជ្រោយចង្វារ ដោយបានចោទប្រកាន់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ប្រើប្រាស់ត្រាគណបក្សនេះធ្វើការសម្រេច និងតែងតាំងមនុស្សដោយមិនមានការពិភាក្សាជាមួយអនុប្រធានគណបក្សទាំង៤នាក់ និងការយល់ព្រមពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕