អង់គ្លេស៖ ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកថ្មី Oleksandr Usyk បានលើកឡើងក្រោយឈ្នះការប្រកួតនៅសង្វៀននាទីក្រុងឡុងដ៍ ទល់នឹងជើងខ្លាំង Anthony Joshua ថាការឈ្នះខ្សែក្រវ៉ាត់ពិភពលោកនេះពិតជាធ្វើឱ្យគេមានភាពសប្បាយចិត្ត និងរំភើបជាខ្លាំង ប៉ុន្តែការគ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកនេះ ពុំអាចប្រៀបធៀបគ្នាបានឡើយ ទៅនឹងការឈ្នះមេដាយមាសអូឡាំពិក កាលពីឆ្នាំ២០១២ នៅទីក្រុងឡុងដ៍នេះ។
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក Cruiserweight champion នេះ បានបង្ហាញនូវក្បាច់ និងការប្រកួតដ៏ស្វិតស្វាញ និងគួរឱ្យជក់ចិត្តបំផុត នៅមុខទស្សនិកជនទស្សនាផ្ទាល់ប្រមាណ ៦៥,០០០នាក់ ក្នុងកីឡដ្ឋានរបស់ក្លិបបាល់ទាត់ Tottenham Hotspurs។ Oleksandr Usyk បានគ្រងជើងឯកទម្ងន់ធ្ងន់ពិភពលោក ក្រោយចៅក្រមសំរេចផ្តល់ជ័យជម្នះជាឯកច្ឆ័ន្ធក្នុងលទ្ធផល ១១៧-១១២, ១១៦-១១២ និង ១១៥-១១៣។
កីឡាករប្រដាល់អ៊ុយក្រែន Oleksandr Usyk ដែលឆក់បានខ្សែក្រវាត់ WBA, WBO, IBF និង IBO ពីកីឡាករម្ចាស់ផ្ទះអង់គ្លេស Anthony Joashua បានលើកឡើងថា៖ "ទីក្រុងឡុងដ៍ ហាក់ជាទីក្រុងសំណាងមួយសម្រាប់ខ្ញុំ ប៉ុន្តែគ្រប់ការប្រកួត និងគ្រប់ជ័យជម្នះទាំងអស់ គ្មានពេលមួយណាដែលអាចប្រៀបបាននឹងអារម្មណ៍នៃការទទួលបានជ័យជម្នះរបស់ខ្ញុំក្នុងការឈ្នះមេដាយមាសអូឡាំពិកសម្រាប់ប្រទេសអ៊ុយក្រែនឡើយ។ គួររំលឹកថា Oleksandr Usyk ធ្លាប់ឈ្នះមេដាយមាសអូឡាំពិក នាទីក្រុងឡុងដ៍ ក្រោយជ័យជម្នះវគ្គផ្តាច់ព្រ័ត្រ ទល់នឹងកីឡាករអ៊ីតាលី Clemente Russo។
ក្រោយជ័យជម្នះនេះ Oleksandr Usyk នឹងត្រូវដាក់ឱ្យប្រកួតប៉ះគ្នាសាជាថ្មីជាមួយ Anthony Joshua ប៉ុន្តែដោយសារការប្រកួត ១០លើកចុងក្រោយនេះ usyk បានបង្ហាញខ្លួន នៅវាយនៅក្រៅប្រទេសរបស់ខ្លួនគ្រប់ប្រកួត រហូតទទួលបានរហស្សនាមថា "road warrior" កីឡាកររូបនេះរំពឹងថា ការប្រកួតទលល់នឹង Anthony Joshua សាជាថ្មីនឹងអាចរៀបចំឡើងនៅកីឡដ្ឋាន Olympiyskiy Stadium ទីក្រុង Kiev ប្រទេសអ៊ុយក្រែនផ្ទាល់តែម្តងវិញ។
គួរបញ្ជាក់ថា Oleksandr Usyk កំពុងកាន់កាប់កំណត់ត្រាប្រកួតឈ្នះ ១៩ប្រកួតជាប់ៗគ្នា ស្របពេលដែលអ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់សំឡឹងឃើញថា កីឡាកររូបនេះកំពុងដើរតាមលំនាំរបស់ជើងខ្លាំងអ៊ុយក្រែនទាំងពីររូបរួមមាន Wladimir និង Vitali Klitschko ដែលបងប្អូនទាំងពីរនេះធ្លាប់បានកាន់កាប់ និងជាអធិរាជលើសង្វៀនប្រភេទទម្ងន់ធ្ងន់ពិភពលោកអស់ជិតមួយទសវត្ស៕