ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង ៣៦ សម្រាប់ត្រៀមការប្រកួតជម្រុះ AFC Asian Cup China ២០២៣ ព្រមទាំងការប្រកួតវគ្គជម្រុះ AFC U-23 Championship Uzbekistan ២០២២ ដោយក្នុងនោះគេសង្កេតឃើញមានវត្តមានកីឡាករវ័យក្មេងជាច្រើនត្រូវបានផ្តល់ឱកាសបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ ខណៈកីឡាករមួយចំនួនដូចជា ចាន់ វឌ្ឍនាកា និង ច្រឹង ពលរដ្ឋជាដើមត្រូវបានកោះហៅឡើងវិញ ដោយគ្រូបង្វឹក Ryo Hirose និងអ្នកចាត់ការទូទៅ Keisuke Honda។
ក្នុងនោះផងដែរ គេសង្កេតឃើញក្លិបចំនួន ៩ ត្រូវបានសហព័ន្ធកោះហៅកីឡាករជាសមាជិកចូលរួម ខណៈយុវជនសាលាបាល់ទាត់ជាតិបាទី អ្នកចាំទីវ័យក្មេង រ៉េត លីហេង ជាសមាជិកតែម្នាក់គត់ដែលមិនមែនកីឡាករនៃលីគកំពូលកម្ពុជា។ ក្លិបដែលមានការកោះហៅកីឡាករច្រើនជាងគេគឺ វិសាខា និងតិចជាងគេគឺសូលទីឡូអង្គរ និងយុវជនសាលាបាល់ទាត់ជាតិបាទី។ បញ្ជីរាយនាមកីឡាករនៃក្លិបនីមួយៗមានដូចខាងក្រោម៖
- ក្លិបវិសាខា (៧នាក់)៖ កែវ សុខសិលា (អ្នកចាំទី), កែវ សុខផេង, ឆេង ម៉េង, កែន ចន្ទសុភ័ក្រ្ត, ច្រឹង ពលរដ្ឋ, ទេស សម្បត្តិ និង ញឹម លីហួរ។
- ក្លិបព្រៃវែង (៦នាក់)៖ វីរៈ ដារ៉ា (អ្នកចាំទី), ចាន់ សារ៉ាពេជ្រ, គី រីណា, ស រតនា, ស៊ិន សុវណ្ណមករា និងឡេង ណូរ៉ា។
- ក្លិបបឹងកេត (៥នាក់)៖ ហ៊ុល គឹមហ៊ុយ (អ្នកចាំទី), ចាន់ វឌ្ឍនាកា, លឹម អារុណរ៉េយមិន, សៀង ចន្ធា និង សេត រ៉ូស៊ីប។
-ក្លិបព្រះខ័នរាជស្វាយរៀង (៤នាក់)៖ សារ៉េត គ្រីយ៉ា, សឿយ វិសាល, មិន រតនៈ និង អ៊ាន ពិសី។
-ក្លិបភ្នំពេញក្រោន (៤នាក់)៖ លឹម ពិសុទ្ធ, អ៊ន ចាន់ប៉ូលីន, ជួន ចាន់ចាវ និង យ៉ើ សាហ្វី។
- ក្លិបណាហ្គាវើលដ៍ (៣នាក់)៖ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង គួច ដានី។
- ក្លិបកងយោធពលខេមរភូមិន្ទ (៣នាក់)៖ ជឿន ណាចា, ណារ៉ុង កក្កដា និង ញាណ សុស៊ីដាន។
-ក្លិបអង្គរថាយហ្គើរ (២នាក់៖ សឿត បារាំង និង ឡុង ម៉េងហាវ ខណៈសាលាបាល់ទាត់ជាតិបាទីមាន អ្នកចាំទី រ៉េត លីហេង។
សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមកោះហ្គាំ នៅលើទឹកដីកណ្ដាល នាប្រទេសបារ៉ែន នាថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលា ។ ចំណែកការប្រកួត AFC U23 Championship Uzbekistan 2022 ដែលក្រុម U23 កម្ពុជា ស្ថិតក្នុងពូល K ជាមួយហុងកុង និងម្ចាស់ផ្ទះជប៉ុន នឹងត្រូវប្រកួតនាចុងខែតុលា ពោលគឺកម្ពុជា ប៉ះហុងកុង នាថ្ងៃទី២៣ តុលា និងជួបជប៉ុន នាថ្ងៃទី២៦ តុលា ឆ្នាំ២០២១ នេះ ៕