ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ ប្រាប់ពិភពលោកថាវាសនាប្រទេសមួយមិនគួរត្រូវកំណត់ដោយប្រទេសណាមួយនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ថាប្រទេសនីមួយៗ មិនគួរត្រូវបានបង្អាក់ដំណើរដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសណាមួយ ឬក្រុមណាមួយ ដោយរំលោភលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះពិភពលោកមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ រួមមានការប្រជែងភូមិសាស្ត្រនយោបាយ ការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ជម្លោះប្រដាប់អាវុធដណ្ដើមទឹកដី អំពើភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យស្ថានភាពសន្ដិភាព និងសន្ដិសុខអន្ដរជាតិនៅតែទទួលរងនូវសម្ពាធធ្ងន់ធ្ងរដដែល។

សម្ដេចតេជោ បានថ្លែងបន្ថែមថា នៅពេលដែលមានបញ្ហាទាំងនេះ ប្រទេសមួយចំនួនតែប្រើប្រាស់មធ្យោបាយយោធាជាដំណោះស្រាយក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗ ដែលសម្ដេចថាមិនមែនជាដំណោះស្រាយនោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា៖ « ជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ចកាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្ដែង ដែលឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ »។

សម្ដេចតេជោ បានបញ្ជាក់ថាការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តខ្លួនឯង គឺជាគុណតម្លៃដ៏ធំធេងបំផុត ហើយប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទេ ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។

សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានបើកប្រជុំ នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា មហាសន្និបាតនិងចាប់ផ្ដើមពិភាក្សាលើបញ្ហាទូទៅដែលកើតមានជុំវិញពិភពលោក ដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យផ្តល់សេចក្តីថ្លែងការណ៍នៅមហាសន្និបាតនេះ។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ១០០ប្រទេសនឹងត្រូវបានស្ដាប់នូវសេចក្ដីថ្លែងការណ៍ទាំងនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក