បន្ទាយមានជ័យ៖ អនុប្រធានទីមួយនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ថាអាជ្ញាធរបានជម្លៀសពលរដ្ឋជាង២០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យដែលរស់នៅតាមដងស្ទឹង និងកន្លែងមានហានិភ័យនៃទឹកជំនន់ចេញទៅទីទួលសុវត្ថិភាព បន្ទាប់ពីស្ថានភាពទឹកក្នុងខេត្តកើនឡើងជាបន្តបន្ទាប់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យស្ថានភាពទឹកក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ម្សិលមិញ លោក គន់ គីម បានថ្លែងថា គណៈកម្មាការជាតិតាំងពីថ្នាក់ឃុំ រហូតដល់ខេត្តបានត្រៀមលក្ខណៈដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋ ក្នុងពេលមានជំនន់រួចរាល់ហើយ ក្នុងនោះបានជម្លៀសពលរដ្ឋជាង២០០គ្រួសារ នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទៅរកទីទួលសុវត្ថិភាពផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបញ្ជាក់ថា៖ « កម្លាំងយើងគាត់ត្រៀមជាស្រេចទៅហើយ ព្រោះលោកមុន(ឆ្នាំ២០២០) គាត់ដកខ្លួនមិនចង់ទាន់ ហើយកម្លាំងអន្តរាគមន៍របស់យើងរៀងយឺតបន្ដិចដែរ! ព្រោះវាវ៉ៃលុកខ្លាំងពេក។ ឥឡូវនេះទោះជាវាយលុករបៀបមិចក៏ដោយ ក៏កងកម្លាំងភូមិភាគទាំងពីរ ភូមិភាគ៤ ភូមិភាគ៥ រួមទាំងកម្លាំងចម្រុះរបស់ខេត្តបានត្រៀមរួចស្រេច » ។
លោកក៏បានលើកឡើងបន្តថា គិតមកដល់ពេលនេះស្ថានភាពទឹកជាក់ស្តែង មិនទាន់ឈានដល់ការព្រួយបារម្មណ៍នោះទេ ហើយអាជ្ញាធរខេត្តក៏បានទំនាក់ទំនងជាមួយថៃ ក្នុងការផ្តល់ព័ត៌មានពីស្ថានភាពទឹក បើក្នុងករណីប្រទេសថៃមានការប្រកាសអាសន្ន នោះខេត្តបន្ទាយមានជ័យនឹងបង្កើនលក្ខណៈក្នុងការត្រៀមសង្គ្រោះពលរដ្ឋបន្ថែមទៀត។
ស្ថានភាពទឹកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានការកើន ពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលជានិច្ចកាលខេត្តបន្ទាយមានជ័យ តែងតែទទួលរងនូវគ្រោះទឹកជំនន់ធ្លាក់មកពីប្រទេសថៃផង និងទឹកជំនន់ទឹកភ្លៀងផង។ ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ បានបង្កផលប៉ះពាល់ដល់ក្រុងស្រុកចំនួន២ក្នុងខេត្តធ្ងន់ធ្ងរជាងគេ គឺស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ៕
PHOTO: ROEURNG CHANTREA