បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ចំនួន ១នាក់ ឈ្មោះ ឃឹម សាវី ភេទស្រី អាសយដ្ឋានភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមកសំរាកព្យាបាលជំងឺនៅមន្ទីរសំរាកព្យាបាលសំពៅលូន (សេវា២៤ម៉ោង) ហើយត្រូវបានសង្ស័យថាឆ្លង ជំងឺកូវីដ-១៩ ទើបយកសំណាកលើស្រ្តីម្នាក់នេះ មកពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបងបន្តទៀតថា ក្នុងអំឡុងពេលពិនិត្យសំណាកបុគ្គលខាងលើ ក្រុមគ្រួសារក៏បានដឹកចេញពីមន្ទីរសំរាកព្យាបាលសំពៅលូន (សេវា២៤ម៉ោង) យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនបានរយៈពេល១យប់ទើបចេញលទ្ធផលថាមានវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺដែលឆ្លងវីរុសកូវីដ-១៩នេះ បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរួចហើយ ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជ មានកូវីដ-១៩ ខាងលើត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ផ្តល់ព័ត៌មានមក អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់ចែងយកវត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ និងអនុវត្តវិធានការ សុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត។
ក្នុងករណីមានការសង្ស័យ សូមប្រញាប់ទំនាក់ទំនងមកក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលន រដ្ឋបាលខេត្តបាត់ដំបង តាមរយៈទូរស័ព្ទលេខ ០១២ ៣៧៧ ៣៤២, ០១២ ២១៣ ៣៨១,០៩២ ៩៣៩ ៣៧២ និង០៦៩ ៨៤៨ ៥៧៧៕