ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ថាក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះសភាបានដើរតួយ៉ាងល្អជាតំណាងពលរដ្ឋ តាមរយៈការបង្កើតច្បាប់ជំរុញ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។
ប្រធានសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានលើកឡើងថា តាំងពីបង្កើតនូវសភាជាតិ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មក បានធ្វើឲ្យប្រទេសកម្ពុជាវិលត្រឡប់មកកាន់ “ព្រះរាជាណាចក្រកម្ពុជា” សារជាថ្មីឡើងវិញ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិរបស់យើងរហូតមកដល់សព្វថ្ងៃនេះ។
សម្ដេចចក្រី បានបន្ថែមទៀតថា ក្នុងភាពជាតំណាងឲ្យពលរដ្ឋរយៈពេល ២៨ឆ្នាំមកនេះរដ្ឋសភាបានអនុម័តច្បាប់ជាច្រើន សំដៅឆ្លើយតបទៅ នឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។
សម្ដេចចក្រី ហេង សំរិន បានលើកឡើងថា៖ «ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន លើការងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ពលរដ្ឋ នៅក្នុងការចូលរួមលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេសជាតិ»។
រដ្ឋធម្មនុញ្ញរបស់កម្ពុជាត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រែក្លាយប្រទេសទៅជាព្រះរាជាណាចក្រកម្ពុជាទី២ ហើយមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ គិតរហូតមកដល់ពេលនេះរដ្ឋធម្មនុញ្ញកម្ពុជាមានអាយុ ២៨ឆ្នាំហើយ៕