(រ៉ងហ្គូន)៖ កងទ័ពឯករាជ្យនៃក្រុមជនជាតិភាគតិចកាឈីន (KIA) នៅថ្ងៃចន្ទនេះបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅក្នុងការបាញ់តបតទៅនឹង ការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃទី០៣ ឧសភា ឆ្នាំ២០២១។
លោក ណរ ប៊ូ (Naw Bu) ជាប្រធានផ្នែកព័ត៌មាននៃកងទ័ពឯករាជ្យ Kachin បានថ្លែងបា្រប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា ឧទ្ធម្ភាគចក្រយោធាខាងលើ ត្រូវបានបាញ់ទម្លាក់នៅម៉ោង ១០:២០នាទីព្រឹកមិញនេះ នៅឯភូមិមួយក្បែរទីក្រុង ម៉ូម៉ក (Moemauk) ក្នុងរដ្ឋ Kachin ភាគខាងជើងប្រទេស។ លោក Naw Bu បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាយោធា (យោធាមីយ៉ាន់ម៉ា) បានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ទាំងនោះ ចាប់តាំងពីម៉ោង៨ ឬម៉ោង៩ព្រឹកមិញនេះដោយប្រើប្រាស់យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា ដូច្នេះហើយយើងក៏បានបាញ់តបតវិញ»។
គួរបញ្ជាក់ថា កងទ័ពឯករាជ្យ Kachin មិនបានបញ្ជាក់ថា តើពួកគេបានប្រើប្រាស់អាវុធប្រភេទអ្វី ដើម្បីបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ាឡើយ ហើយក៏មិនបានបញ្ជាក់ពីអ្នករបួស ឬស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នានេះនោះដែរ។ ចំណែកខាងយោធាមីយ៉ាន់ម៉ាវិញ មិនទាន់បញ្ជាក់ព័ត៌មានអ្វី ពាក់ព័ន្ធនឹងការអះអាងរបស់កងទ័ព Kachin នោះឡើយ៕