អ៊ីតាលី៖ ក្លិបបាល់ទាត់ Genoa ដែលជាក្លិបបាល់ទាត់មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់អ៊ីតាលី នៅថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ បានប្រកាសជាផ្លូវការថា ក្លិបនេះត្រូវបានទិញយកដោយមូលនិធីសមធម៌ឯកជនអាមរិក 777 Partners ក្នុងតម្លៃប្រមាណ ១៧៥លានដុល្លារអាមេរិក ដែលសេចក្តីប្រកាសផ្លូវការនេះមានន័យថា ក្លិប Genoa នឹងលែងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកជំនួញជនជាតិអ៊ីតាលី Enrico Preziosi ទៀតហើយ បន្ទាប់ពីលោកបានគ្រប់គ្រងក្លិបនេះតាំងពីឆ្នាំ២០០៣។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់ថា ម្ចាស់ភាគហ៊ុនថ្មីនឹងកាន់កាប់ភាគហ៊ុនសរុប ៩៩.៩ភាគរយនៃក្លិបបាល់ទាត់ Genoa ព្រមទាំងទម្លាក់កញ្ចប់ទឹកប្រាក់ចូលក្នុងបញ្ជីចំណាយរបស់ក្លិប និងរ៉ាប់រងលើបញ្ហាបំណុលមួយចំនួនផងដែរ។ ដោយឡែក លោក Enrico Preziosi ដែលជាអតីតប្រធានក្លិប នឹងត្រូវបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្លិបដដែល ខណៈ CEO ក្លិប លោក Alessandro Zarboni នៅតែបន្តគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្លិបជាធម្មតា។
អ្នកគាំទ្ររបស់ក្លិប Genoa ហាក់មិនសូវសប្បាយចិត្តលើការគ្រប់គ្រងរបស់លោក Enrico Preziosi ដែរ ប៉ុន្តែក៏នៅតែបន្តគាំទ្រត្បិតបុរសវ័យ ៧៣ឆ្នាំរូបនេះ អាចរក្សាស្ថេរភាពក្លិបឱ្យបន្តស្ថិតក្នុងក្របខណ្ឌកំពូលអ៊ីតាលីបាន។ រយៈពេល ១០រដូវកាលចុងក្រោយនេះ ក្លិប Genoa បានបញ្ចប់ក្នុងចំណាត់ថ្នាក់ Top10 បានតែម្តងគត់ ពោលគឺនៅឆ្នាំ២០១៥ ដែលក្លិបឈរលេខ ៦ ប៉ុន្តែគ្រានោះក្លិបបានបដិសេធកៅអីពាន Europa League ត្បិតមិនអាចបំពេញគ្រប់លក្ខខណ្ឌអាជ្ញាបណ្ណក្លិបអាជីព UEFA ជាមួយសហព័ន្ធបាល់ទាត់អ៊ីតាលីបាន ខណៈកៅអី Europa League រដូវកាលនោះ ត្រូវផ្ទេរឱ្យក្លិប Sampdoria ដែលឈរនៅកៅអីលេខ ៧ ជំនួសវិញ។
គួរឱ្យដឹងថា កន្លងមកក្រុមហ៊ុន 777 Partners ដែលជាម្ចាស់ក្លិប Genoa ថ្មីនេះ ក៏ត្រូវបានគេរាយការណ៍ថាមានភាគហ៊ុនក្នុងការគ្រប់គ្រងក្លិប Sevilla នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញផងដែរ។ ក្លិប Genoa គឺជាក្លិបដែលជោគជ័យកាលពីអតីតកាល ពោលគឺឈ្នះជើងឯកលីគអ៊ីតាលី ៩សម័យកាល ខណៈការឈ្នះចុងក្រោយបង្អស់តាំងពីជិត ១០០ឆ្នាំមុននៅរដូវកាល ១៩២៣/២៤៕