អន្តរជាតិ៖ ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United, Cristiano Ronaldo បានប្រជែងកីឡាករ Lionel Messi និងហក់ឡើងទៅឈរលើគេវិញក្នុងតារាងកីឡាករបាល់ទាត់ដែលមានប្រាក់ចំណូលខ្ពស់ជាងគេ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbe ដែលបានចេញផ្សាយនៅពាក់កណ្តាលខែកញ្ញានេះ។
Cristiano Ronaldo ដែលបានចាកចេញពីក្លិប Juventus មកចូលរួមជាមួយក្លិប Manchester United ឡើងវិញ ក្រោយពីចាកចេញអស់រយៈពេល ១២ឆ្នាំ ខណៈ Lionel Messi ចាកចេញពីក្លិប Barcelona មកចូលរួមជាមួយ Paris Saint-Germain យ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្នុងរដូវកាល ២០២១/២២នេះរួមគ្នា។
បើតាមប្រភពពី Forbe បានចុះផ្សាយថា Cristiano Ronaldo ដែលជាអត្តពលិកមានប្រជាប្រិយភាពបំផុតលើពិភពលោកដែលមានអ្នក Follow ច្រើនជាង ៥០០លាននាក់សរុបបញ្ចូលគ្នាទាំងនៅលើ Facebook, Instagram និង Twitter ដែលអាចរកចំណូលបានប្រមាណ ១២៥លានដុល្លារអាមេរិក មុនពេលកាត់ពន្ធសម្រាប់រដូវកាល ២០២១/២២ នេះ ក្នុងនោះចំណូលប្រមាណជាង ៧៥លានដុល្លារអាមេរិក បានមកពីប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភ (Bonus) ផ្សេងៗទៀតពីក្លិប Manchester United។
Messi ដែលជាអ្នកកាន់កាប់កំពូលតារាងក្នុងទស្សនាវដ្តី Forbe កាលពីឆ្នាំមុន ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ២ ជាមួយប្រាក់ឈ្នួលជាង ៧៥លានដុល្លារអាមេរិកជាមួយ PSG រួមនិងចំណូលផ្សេងៗទៀតប្រមាណ ៣៥លានដុល្លារអាមរិក ដែលនាំឱ្យចំណូលសរុប Messi មានប្រមាណជា ១១០លានដុល្លារក្នុងរដូវកាលនេះ។ ដោយឡែកមិត្តរួមក្រុមនៅ PSG កីឡាករ Neymar ឈរនៅចំណាត់ថ្នាក់លេខ ៣ ជាមួយការគណនាប្រាក់ចំណូលសរុបប្រមាណ ៩៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សម្រាប់កីឡាករឈរនៅចំណាត់ថ្នាក់លេខ ៤ ក៏បានទៅលើសមាជិករបស់ PSG, Kylian Mbappe ផងដែរជាមួយប្រាក់ចំណូលប្រមាណ ៤៣លានដុល្លារអាមេរិក ខណៈខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool ឈរនៅលេខ ៥ ជាមួយប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៤១លានដុល្លារអាមេរិក៕