(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ បង្ការការឆ្លងរាលដាលនជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ។
ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្ដ្ររាជធានីភ្នំពេញ ឬក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យ លេខ ៥៧ អនក្របក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៣៧ អនក្របក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមានផ្សេងទៀត។