ថៃ៖ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថៃ បានលើកសំណើរក្នុងការពិចារណាទៅលើការកាត់បន្ថយពាក់កណ្តាលនូវថេរវេលាកំណត់សំរាប់ការធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ ចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចរាល់។ ការលើកឡើងនូវសំណើរនេះស្របពេលថៃនៅបន្តវិធានការតម្រូវឱ្យអ្នកដំណើរមកដល់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ប៉ុន្តែរដ្ឋាភិបាលគ្រោងនឹងពន្យារពេលនូវការលើកលែងលក្ខខណ្ឌចត្តាឡីស័ក ស្របពេលដែលថៃគ្រោងនឹងបើកទ្វាររាជធានីបាងកក ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញចាប់ពីខែតុលានេះតទៅ។
រដ្ឋាភិបាលថៃ កំពុងសម្លឹងរកវិធីសាស្រ្តក្នុងការបើកទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញ បន្ទាប់ពីប្រទេសនេះបានបិទទ្វារមិនទទួលស្វាគមន៍ភ្ញៀវទេសចរអស់រយៈពេលជាង ១៨ខែអំឡុងពេលផ្ទុះឡើងនូវវីរុសកូវីដ-១៩ ជាសកលដែលនាំឱ្យវិស័យទេសចរណ៍ថៃបានដួលរលំ ខណៈមុនពេលបិទខ្ទប់ប្រទេសនេះ ថៃធ្លាប់ទទួលបានភ្ញៀវទេសចររហូតដល់ជាង ៤០លាននាក់កាលពីឆ្នាំ២០១៩។
មន្រ្តីសុខាភិបាលជាន់ខ្ពស់របស់ថៃ លោក Opas Karnkawinpong បានថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានថា វិធីសាស្រ្តកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះ មិនត្រឹមតែអាចជួយដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចរួមចំណែកជួយដល់ដំណើរធុរកិច្ច និងសម្រាប់សិស្ស-និស្សិតបរទេសដូចគ្នា។ យ៉ាងណាក៏ដោយ លោកនូវតែបង្ហាញការគាំទ្រឱ្យមានការធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ទើបអាចចូលមកកាន់ប្រទេសថៃបាន។
អាជ្ញាធរថៃគ្រោងនឹងលើកគម្រោងផែនការសំខាន់ៗមួយចំនួនដើម្បីស្នើទៅកាន់រដ្ឋាភិបាល ដែលរួមមានអ្នកដំណើរដែលមិនទាន់ទទួលបានវ៉ាក់សាំងនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃបើសិនចូលមកតាមផ្លូវអាកាស និងចត្តាឡីស័ករយៈពេល ១៤ថ្ងៃប្រសិនបើចូលមកតាមព្រំដែនគោក។ ដោយឡែក អាជ្ញាធរថៃក៏បានពន្យារពេលនៃការលើកលែងលក្ខខណ្ឌចត្តាឡីស័កទាំងស្រុងចំពោះភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចរាល់ផងដែរ ដោយផ្អែកលើហេតុផលនៃចំនួនប្រជាជនថៃដែលមានស្ថិតិទទួលបានវ៉ាក់សាំងរួចរាល់ក្នុងកម្រិតទាបនៅឡើយ។
កន្លងមក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសទាំងអស់ដែលបានចាក់វ៉ាក់សាំងរួចរាល់ មិនចាំបាច់ធ្វើចត្តាឡីស័កឡើយសម្រាប់ការធ្វើដំណើរកម្សាន្តក្នុងកោះសាមុយ និងកោះភូកេត ដែលនេះត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាផ្នែកមួយនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍៕