បិទខ្ទប់វត្តចំពុះក្អែក ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃ២៣ ខែកញ្ញា ដល់ថ្ងៃ៦ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទខ្ទប់វត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ (ដប់បូន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាមព្រះថេរៈដីការបស់ សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ។
ព្រះសង្ឃ អាចារ្យ-អាចារិនី យាយជី-តាជី ពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនិមន្ត និងអញ្ជើញចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីយកសំណាកវិភាគរកមេរោគ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថាក្រុមការងារប្រចាំការត្រូវរៀបចំទីកន្លែងសមស្របនៅខាងមុខខ្លោងទ្វារវត្តដើម្បីទទួលយកចង្ហាន់ និងទេយ្យវត្ថុទាំងឡាយដែលពុទ្ធបរិស័ទបាននាំយកមកប្រគេនដល់ព្រះសង្ឃក្នុងទីវត្តអារាមនេះដោយមិនត្រូវអនុញ្ញាតឱ្យមានការចេញ-ចូលក្នុងអំឡុងពេលនៃការបិទខ្ចប់ឡើយ។
បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីសម្រេចនេះ នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅស្ថាប័ន តុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា ១០ និងមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងបកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕