BREAKING NEWS: នាយករដ្ឋមន្ត្រីកម្ពុជាស្នើឱ្យពិចារណាផ្អាកពិធីបុណ្យកាន់បិណ្ឌ ឬកាត់បន្ថយចំនួនមនុស្សតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពិធីបុណ្យភ្ជុំដោយបារម្ភពីឆ្លងរាលដាលជំងឺកាន់តែខ្លាំង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងធម្មការនិងសាសនា ធ្វើការពិភាក្សាជាមួយគណៈសង្ឃ និងក្រសួងសុខាភិបាល ឱ្យផ្អាក ឬបន្តពិធីបុណ្យភ្ជុំក្នុងទម្រង់ណាមួយដែលសមស្របដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដែលកម្ពុជាកំពុងប្រារពពិធីបុណ្យជាតិមួយនេះ។
ក្នុងសារសំឡេងដែលបានផ្សព្វផ្សាយនារសៀលនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងធម្មការនិងសាសនា ក្រសួងសេដ្ឋកិច្ច គណៈសង្ឃ និងក្រសួងសុខាភិបាល ឱ្យពិចារណាពីរបៀបណាមួយដែលអាចធ្វើទៅរួចដើម្បីបញ្ជៀសនូវការឆ្លងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍ថា៖ «បើសិនជាត្រឹមតែម្ភៃ ឬហាសិបភាគរយនៃវត្តទូទាំងប្រទេស យើងនៅមានកន្លែងឆ្លងរហូតទៅដល់ជាងពីរពាន់វត្ត ហើយការឆ្លងនោះវានឹងរាលដាលធ្ងន់ក៏ចូលទៅតាមសហគមន៍គ្មានទីចន្លោះនោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យជាអនុសាសន៍បន្ថែមថា ប្រសិនជាមិនអាចផ្អាកពិធីបុណ្យភ្ជុំបានទេ សូមឱ្យអនុញ្ញាតការកាន់បិណ្ឌក្នុងចំនួនមនុស្សតិចបំផុតតាមដែលអាចធ្វើទៅបាន និងអនុវត្តវិធានការផ្នែកសុខាភិបាលឱ្យច្បាស់លាស់។
សម្ដេចមានប្រសាសន៍ថា៖ «អ្នកកាន់បិណ្ឌក៏កាន់បិណ្ឌទៅចុះ តែសុំឲ្យមានមនុស្សតិចបំផុតចូលទៅ គឺម្ចាស់កាន់បិណ្ឌនោះតែម្តង ជាអ្នកបញ្ជូនត្រឹមមនុស្សពីរនាក់ ឬបីនាក់ ដោយមានវិធានការ ខាងផ្នែកសុខាភិបាលច្បាស់លាស់នាំម្ហូបអាហារចង្ហាន់ ដ៏ដូចជាទេយ្យទានទៀតដទៃទៀតយកទៅប្រគេនព្រះសង្ឃដល់វត្ត ហើយព្រះសង្ឃក៏អនុមោទនាទទួលយកដោយមិនចាំបាច់មានវិធីវែងឆ្ងាយ នេះជាជម្រើសមួយដែលទាមទារឲ្យយើងខិតខំប្រយុទ្ធជាមួយនៃជំងឺដ៏កាចសាហាវនេះ»។
ក្នុងការប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ កាលពីម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទវត្តនាគវ័ន្តដែលមានទីតាំងក្នុងខណ្ឌទួលគោកបន្ទាប់ពីរកឃើញមនុស្ស៣នាក់មានផ្ទុកជំងឺកូវីដ-១៩ក្នុងវត្ត។ នៅថ្ងៃនេះដែលជាថ្ងៃកាន់បិណ្ឌទី២ អាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋដែលបានទៅកាន់បិណ្ឌ១ នៅវត្តចំពុះក្អែក នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញមានការឆ្លង៤៥ករណីក្នុងវត្តនេះ៕