ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែកញ្ញានេះបានជូនដំណឹងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរទៅកាន់បិណ្ឌ១ នៅវត្តចំំពុះក្អែកទាំងអស់ សូមរួសរាន់ទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ បើតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌច្បារអំពៅដដែលបានឱ្យដឹងថា នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងទីតាំងវត្តខាងលើនេះ។
ចំពោះទីតាំងយកសំណាក បងប្អូនអាចធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលកោះពេជ្រ នៅទីតាំងក្រោយកោះពេជ្រ ស៊ីធីហល (City Hall) ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ដោយឡែក បងប្អូនប្រជាពលរដ្ឋទាំងអស់ក៏អាចស្ម័គ្រចិត្តទៅយកសំណាករកកូវីដ-១៩ ដោយខ្លួនឯងបាននៅតាមបណ្តាទីតាំងដែលរៀបចំដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្ដេចតេជោ (TYDA) នៅតាមបណ្តាទីតាំងផ្សេងៗមួយចំនួនទៀតដូចជា៖ មជ្ឈមណ្ឌលម៉ូឌែន ៥ (Modern 5), វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, វិវិហារយេស៊ូ ទល់មុខបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាលាបឋមសិក្សាកន្ទោក ស្ថិតក្នុងខណ្ឌកំបូល និងទីលានកាប់គោ ភូមិព្រៃទា។
ជាមួយគ្នានេះ រដ្ឋបាលសង្កាត់ព្រែកថ្មីបញ្ជាក់ថា ពលរដ្ឋដែលបានចូលរួម និងធ្វើដំណើរ មកកាន់បិណ្ឌ១ និងបិណ្ឌ២ នាថ្ងៃទី២១ និង២២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សូមរូតរះទៅយកសំណាកដោយខ្លួនឯងផ្ទាល់ឲ្យបានគ្រប់ៗគ្នា និងតាមដានបន្តអាការៈរបស់ខ្លួន និងរាល់បញ្ហានានាអាចទាក់ទងទៅកាន់ប្រព័ន្ធទូរសព្ទបន្ទាន់របស់ក្រសួងសុខាភិបាលលេខ ១១៥៕