ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

TOP NEWS: លោក ឃួង ស្រេង៖ តំបន់ប្រឈម និងតំបន់ក្រហមនឹងរក្សាការបិទខ្ទប់ដដែលដោយបង្រួមតូចជាងមុន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនរស់នៅក្នងរាជធានីភ្នំពេញបានសំដែងការអំណរចំពោះការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាអំពីការបើកចរាចរណ៍រាជធានីភ្នំពេញឡើងវិញនៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញអស់រយៈពេលជិត ៣សប្តាហ៍កន្លងមក។ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានប្រកាសក្នុង Comment ហ្វេសបុកផ្លូវការរបស់សម្តេចឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋថា "ពុំមានហេតុផលបន្តបិទទេ យើងនិងបើកតែខេត្តឬរាជធានី អាចបិទតំបន់តូចៗដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។"

ស្របពេលជាមួយនឹងស្ថានភាពនៃការរីករាលដាលវីរុសកូវីដ១៩ក្នុងភូមិសាស្ត្ររាធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference នៅព្រឹកថ្ងៃទី៣ ខែឧសភា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចរក្សាតំបន់៣ដដែល ពោលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយត្រូវបន្តការបិទខ្ទប់ដដែល ដោយគ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហមឱ្យនៅតូចជាងមុន ក្រោយពេលដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អះអាងថាការធ្វើបែបនេះគឺដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ។ លោក ឃួង ស្រេង ថែមទាំងបានជំរុញឲ្យអាជ្ញាធរខណ្ឌកងកម្លាំងមានសមត្ថកិច្ចបន្តពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ព្រឹកមិញនេះតាមការប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា មនុស្សចំនួន ៨៤១នាក់ទៀតត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺដែលកំពុងសម្រាក ចំនួន៦១នាក់ទៀតបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមាន ចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃដើម្បីតាមដានសុខភាព។

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៥២៥នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់ក្នុងខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់ក៏ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ផងដែរ។

គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥ ៣៦១នាក់ ក្នុងនោះករណីសហគមន៍ ២០កុម្ភៈ ចំនួន ១៤ ៨០៦នាក់ អ្នកជាសះស្បើយចំនួន៥ ៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩ ៨១៨នាក់ និងអ្នកស្លាប់ចំនួន ១០៦នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក