ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ស្ថានភាពទឹកនៅប្រទេសថៃហក់ឡើងខ្លាំង ខណៈអាជ្ញាធរខេត្តជាប់ព្រំដែនបង្កើនការប្រុងប្រយ័ត្ន

បន្ទាយមានជ័យ៖ ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេតនៃប្រទេសថៃ បានឡើងយ៉ាងលឿននៅថ្ងៃនេះ ខណៈអាជ្ញាធរកម្ពុជាជាប់ព្រំដែនថៃបង្កើនការប្រុងប្រយ័ត្នបន្ថែម។

យោងតាមការជូនដំណឹងរបស់អាជ្ញាធរ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ បានជូនដំណឹងថាស្ថានភាពទឹកក្នុងខេត្តបានឈានដល់កម្រិតព្រួយបារម្ភខ្ពស់ ដែលបណ្ដាលមកពីឥទ្ធិពលកម្ពស់ទឹកដែលហូរចាក់ពីតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។

លក្ខណៈបែបនេះ អាចនឹងបង្កឱ្យផ្នែកខ្លះក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងទទួលរងឥទ្ធិពលទឹកជំនន់ពីព្រះរាជាណាចក្រថៃឡង់ដ៏ ក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តក្រុង ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមប្របមាត់អូរព្រំដែនកម្ពុជា-ថៃ ព្រមទាំងប្រជាពលរដ្ឋរស់នៅផ្នែកខ្លះក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្ត បង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនៅពេលដែលទឹកហូរចាក់ពីប្រទេសថៃមក។

ទន្ទឹមគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារសង្កាត់ទាំង៣ រៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀម ជម្លៀសប្រជាពលរដ្ឋដែលអាចរងគ្រោះដោយគ្រោះទឹកជំនន់នេះ ប្រសិនបើកម្ពស់ទឹកនៅតែបន្តហក់ឡើងបន្ថែមទៀត។

នៅសប្ដាហ៍ចុងក្រោយនេះ ស្ថានភាពទឹកក្នុងខេត្តបន្ទាយមានជ័យបានហក់ឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យអាជ្ញាធរចេញសាងសង់ស្ពាន និងបើកផ្លូវរំដោះទឹកក្នុងអាងជាបន្តបន្ទាប់។ ក្នុងនោះដែរ អភិបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនរកទីទួលសុវត្ថិភាព និងសម្ភារៈសង្គ្រោះដល់ពលរដ្ឋដែលងាយរងគ្រោះពីទឹកជំនន់ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក