៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលណែនាំឱ្យអ្នកវិភាគធ្វើការវិភាគផ្អែកលើការស្រាវជ្រាវជាអំណះអំណាង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណកម្មាធិការសិទ្ធិមនុស្ស ណែនាំឱ្យអ្នកវិភាគ ធ្វើការវិភាគដោយផ្អែកលើវិទ្យាសាស្ត្រ និងមានការស្រាវជ្រាវច្បាស់លាស់ ធ្វើជាអំណះអំណាង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសរសេរនៅលើហ្វេសបុកលោកនារសៀលនេះថា ការវិភាគដែលបំពានច្បាប់ មិនមែនជាការអនុវត្តសិទ្ធិសេរីភាព នៃការសម្តែងមតិ និងទស្សនៈតាមផ្លូវច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ។ លោកបន្ថែមទៀតផងដែរថា ការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសទាំងនេះ ក៏មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគដែរ។

លោកសរសេរថា៖ « ការវិភាគមួយចំនួននៅកម្ពុជា ដែលក្រុមរបស់គេបញ្ជោរនិងលើកជើងថាជាអ្នកវិភាគឯករាជ្យនោះ ដោយសារតែបានរិះគន់រដ្ឋាភិបាល គឺមិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈនិងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ តែជាការវិភាគតាមអារម្មណ៍ ដែលរួមមានការស្រឡាញ់ ការស្អប់ និងគុំនុំគុំគួន រួមជាមួយនិងនិន្នាការនយោបាយផងដែរ ជាដើម។ល។ »

លោកបានណែនាំ ដល់អ្នកវិភាគឱ្យប្រើប្រាស់ការវិភាគតាមបែបវិជ្ជាជីវៈ ដោយមានមូលដ្ឋាន និងវិធីសាស្ត្រសិក្សាស្រាវជ្រាវច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពទ្រឹស្តី គោលការណ៍ទូទៅ កិច្ចសម្ភាសន៍ និងការអនុវត្តជាក់ស្តែង និងកុំជោតាមអ្នកសម្ភាសន៍ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងប្រយោជន៍ជាតិជាដើម ដើម្បីបញ្ជៀសនូវវិធានការផ្លូវច្បាប់លើពួកគាត់។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា លោកមិនមានអ្វីឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ជិន ម៉ាលីន នោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការនិយាយ និងបញ្ចេញទស្សនៈរបស់ពលរដ្ឋគ្រប់រូប គឺត្រូវបានការពារដោយច្បាប់រដ្ឋ និងរដ្ឋធម្មនុញ្ញកម្ពុជា។

លោកក៏បានបន្ថែមផងដែរថា រាល់ការវិភាគគឺអ្នកវិភាគទាំងឡាយផ្អែកលើទិន្នន័យដែលមានស្រាប់ ព័ត៌មានដែលប្រមូលបានដោយការសិក្សា ការសំយោគនូវព័ត៌មានទាញចេញជាសេចក្តីសន្និដ្ឋាន ការវិភាគបែបតក្កវិទ្យា និងចុងក្រោយគឺចេញពីការសង្កេតលើទិដ្ឋាភាពទូទៅផ្ទាល់ខ្លួន។

លោកថា៖ « ជាទូទៅប្រសិនជាអ្នកវិភាគនៅពេលដែលគាត់មិនមានព័ត៌មានដែលគាត់យកមកប្រើបានទេ គឺគាត់អាចប្រើបទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈការសង្កេត ការពិនិត្យតាមដានរបស់ខ្លួន។ ដែលជាទូទៅអ្នកវិភាគដែលមានវិជ្ជាជីវៈតែងតែ បញ្ជៀសលើកលែងតែថាវាខ្វះព័ត៌មានយកមកប្រើទើបប្រើប្រាស់ការទាញសេចក្ដីសន្និដ្ឋានបែបជាបុគ្គលផ្ទាល់ខ្លួន » ។

កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលចំនួន២៨ បានចេញសេចក្ដីថ្លែងការរួមមួយ ដោយបានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការបំភិតបំភ័យលើអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា ដោយគ្រាន់តែអ្នកទាំងនោះបញ្ចេញទស្សនៈ និងការយល់ឃើញរបស់ពួកគេ។

កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍មុន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដល់អ្នកវិភាគកុំឱ្យព្រហើនក្នុងការវិភាគ។ សម្ដេចបន្ថែមថា កម្ពុជាគោរពនូវសិទ្ធិបញ្ចេញមតិ តែសូមកុំឱ្យអ្នកវិភាគប្រើប្រាស់សិទ្ធិបញ្ចេញមតិ ហើយបន្សល់នូវបទល្មើសដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍ ជាតិនិងប្រជាជន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក