ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាចាប់ផ្ដើម បង្ហាញសញ្ញានៃការបើកទេសចរណ៍ឡើងវិញកាន់តែច្បាស់

ភ្នំពេញ៖ ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានស្នើដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យរៀបចំស្ដង់ដាសម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងសាធារណៈទាំងអស់នៅទូទាំងប្រទេសដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ចឡើងវិញ។

ក្នុងលិខិតចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជម្រាបទៅកាន់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថា ដោយមើលឃើញពីភាពធូរស្រាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងដើម្បីជំរុញដំណើរការសេដ្ឋកិច្ច និងសង្គមជាតិទាំងមូលតាមគន្លងប្រក្រតីភាពថ្មី។

លោក ម៉ម ប៊ុនហេង បានស្នើដល់ក្រសួងទេសចរណ៍ឱ្យត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដាដែលផ្ដោតទៅលើវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ សម្រាប់ដាក់អនុវត្តនៅតាមផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឱ្យ EAC News ដឹងថា ករណីនេះក្រសួងបានប្រជុំណែនាំមួយជំហានរួចហើយ ខណៈក៏កំពុងពិនិត្យពីស្ដង់ដាកំណត់សម្រាប់ផ្សារផងដែរ។

កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ទៅក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ឱ្យត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកទស្សនាកម្ពុជាឡើងវិញ បន្ទាប់ពីលោកបង្ហើបថា កម្ពុជានឹងបើកទេសចរណ៍សុវត្ថិភាពឡើងវិញនៅពេលឆាប់ៗខាងមុខ។

ក្នុងជំនួបនោះ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline លោក គូ ថេអូ បានលើកថា ក្រុមហ៊ុនរបស់ខ្លួនដែលនៅប្រទេសកូរ៉េនិងចិន បានធ្វើការផ្សព្វផ្សាយក្នុងប្រទេសទាំងពីរនោះរួចផងដែរពីដំណឹងដែលកម្ពុជាត្រៀមបើកទេសចរណ៍ឡើងវិញ។

ក្នុងសន្នីសិទសារព័ត៌មានកាលពីថ្ងៃសុក្រ សប្ដាហ៍មុន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីយុទ្ធសាស្ត្រទេសចរណ៍វ៉ាក់សាំង ដែលនឹងអនុញ្ញាតឱ្យអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួច ចូលមកកម្ពុជាដោយឱ្យធ្វើចត្តាឡីស័កតែ ៧ថ្ងៃប៉ុណ្ណោះ ហើយក្នុងរយៈពេល ៧ថ្ងៃនេះទៀតសោត គឺអាចធ្វើដំណើរក្នុងខេត្តនិងទីតាំងដែលខ្លួនបានទៅដោយសេរី។

សម្ដេចតេជោបានលើកឡើងយ៉ាងដូច្នេះថា៖ «ឧទាហរណ៍នៅក្នុងសៀមរាប គឺយើងមិនឱ្យធ្វើចត្តាឡីស័កនៅក្នុងអូតែលសៀមរាបទេ យើងអនុញ្ញាតឱ្យគាត់ធ្វើចត្តាឡីស័កនៅក្នុងក្របខណ្ឌខេត្តហ្នឹង តំបន់ហ្នឹង យើងគូសជាតំបន់មួយទៅ។ អញ្ចឹងចត្តាឡីស័កមែន! តែគាត់អាចមើលប្រាង្គប្រាសាទបាន នៅខេត្តព្រះសីហនុក៏ដូចគ្នា ពេលមកដល់ឱ្យគាត់ធ្វើចត្តាឡីស័ក តែគាត់អាចទៅងូតទឹកសមុទ្រ គាត់អាចទៅលេងកោះ ទៅលេងអីបាន។ លេងក្បួននេះមើល»។

បើតាមក្រសួងទេសចរណ៍ បានប៉ាន់ស្មានថាលទ្ធភាពដែលអាចបើកទេសចរណ៍បានគឺអាចនៅចុងឆ្នាំនេះ។

ក្នុងបទសម្ភាសន៍មួយជាមួយ EAC News នៅថ្ងៃនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍គាំទ្រចំពោះការឆាប់បើកឡើងវិញនៃទេសចរណ៍នេះ ដោយថាដើម្បីបង្កើតការងារដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ឡើងវិញ។

ទោះជាយ៉ាងណាលោកស្រី សំណូមពរឱ្យកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កលើអ្នកទេសចរណ៍ដែលមកពីប្រទេសដែលមានសុវត្ថិភាពពីជំងឺកូវីដ-១៩ មកត្រឹម ៣ថ្ងៃ និងផ្ដោតលើតំបន់ណាដែលអាចជាគោលដៅទេសចរណ៍វ៉ាក់សាំងមុនគេ។

អ្នកស្រីមានប្រសាសន៍ថា៖ «ទោះជាយ៉ាងណាវាប្រសើរសម្រាប់អាជ្ញាធរ ក្នុងការពិចារណាកាត់បន្ថយរយៈពេលចត្តាឡីស័កមកនៅត្រឹម ៣ថ្ងៃ សម្រាប់ប្រទេសដែលគិតថាមានសុវត្ថិភាព។ សម្រាប់ប្រតិបត្តិការប្រកបដោយភាពរលូន និងភាពងាយស្រួលសម្រាប់អ្នកទេសចរដែលជាប់ចត្តាឡីស័ក គឺត្រូវការអាជ្ញាធរនឹងជួយពួកគេក្នុងការទស្សនាតំបន់ទេសចរណ៍ដែលកំណត់ដោយរដ្ឋាភិបាល។ ទាក់ទងនឹងតំបន់ដែលត្រូវបានជ្រើសរើសសម្រាប់ការដាក់ឲ្យបើកដំណើរការឡើងវិញវាអាចទៅរួចនៅតំបន់ឆ្នេរសមុទ្រខាងត្បូង ដូចជាក្រុងព្រះសីហនុ និងកោះដែលបានជ្រើសរើសសម្រាប់គោលដៅដាច់ដោយឡែក»។

មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០១៩ កម្ពុជាទទួលបានអ្នកទេសចរណ៍អន្តរជាតិជាង ៦,៦លាននាក់ ខណៈនៅឆ្នាំ២០២០ នៅពេលដែលជំងឺកូវីដ-១៩ ចាប់ផ្ដើមវាយឡុកជាសកល បានធ្វើឱ្យចំនួនអ្នកទេសចរណ៍បរទេសមកកម្ពុជាធ្លាក់មកនៅត្រឹមជាង ១លាន ៣សែននាក់។

នៅឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀងទេសចរអន្តរជាតិសរុបតែ ជាង៧ម៉ឺននាក់ប៉ុណ្ណោះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការព្រួយបារម្ភពីការធ្វើដំណើរឆ្លងប្រទេស ក៏ដូចជាការរឹតត្បិតការចំណាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក